(កណ្តាល)៖ កងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ត្រីមាសទី៣ ឆ្នាំ២០១៧ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរ អនុមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ បញ្ជាការងក្រុងស្រុក គ្រូឧទ្ទេសនាម និងសិក្ខាកាមសរុបចំនួន១៣៥នាក់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងវគ្គ គ្រូឧទេសនាម សិក្ខាកាមឆ្នើមនូវអាវយឺតចំនួន១អាវ ថវិកាមួយចំនួន។

លោកមេបញ្ជាការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉ន រៀនសូត្រយកទៅអនុវត្តន៍ ក្នុងការបំពេញភារកិច្ច ឲ្យចំទិសដៅ ត្រូវគារពបទ បញ្ជានិងវិន័យ មានគុណធម៍ សាមគ្គីផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមាន សមត្ថកិច្ច អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ចៀសវាងធ្វើអ្វីនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។

ទាំងនេះជាអនុសាសន៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើ​នរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយតម្លៃណាក៏ដោយ ដើម្បីស្ថេរភាព សន្តិសុខ និង ការអភិវឌ្ឍន៍ដែលជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

សម្រាប់ការបិទវគ្គបំប៉នខាងលើនេះ ចំណុចខ្លាំងលើការទទួលបានចំណេះដឺងរួមមាន៖
-និទេសល្អ៨៥%
-និទេសល្អបង្គួរ១០%
-និទេសមធ្យម៥%៕