(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៣ករណីផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ដកហូតថ្នាំញៀន បានចំនួន១៩កញ្ចប់ ក្នុងនោះ មានកញ្ចប់តូចចំនួន១៧កញ្ចប់ និងវត្ថុតាងមួយចំនួនធំ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ចំពោះករណីទី១ កម្លាំងអធិការដ្ឋានសហការ ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលអូរត្រេះ បង្រ្កាបករណីរក្សាទុក និងចែកគ្រឿងញៀន ស្ថិតនៅចំណុចភូមិ៣ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០២៖៣០នាទី។
ក្នុងនោះដកហូតបានម្សៅសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន១៤កញ្ចប់តូច និងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ឈ្មោះ គង់ សំរ៉ង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជន រស់នៅភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ករណីទី២ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សឹង គឹមសែន ភេទប្រុស អាយុ២៥ឆ្នាំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២០៖៣០នាទី។ ដកហូតបានវត្ថុតាងបានរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន៣កញ្ចប់ (២កញ្ចប់ធំ និង១កញ្ចប់តូច)។
ករណីទី៣ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យ១នាក់ ឈ្មោះ ស៊ីវ ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២២៖០០នាទី។ ដកហូតបានម្សៅក្រាមពណ៌សថ្លា ២កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចកំពុងបំពេញនីតិវិធីបន្ដ៕