(កណ្តាល)៖ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដា បានថ្លែងអំពាវនាវដល់អាជ្ញាធរខេត្តកណ្តាល សម្របសម្រួលក្នុងការធ្វើអង្កេតសហគ្រាស និងប្រមូលចំណូលពន្ធ ដើម្បីលើកកម្ពស់ក្នុងការបង្កើនចំណូលពន្ធដា និងដើម្បីទទួលបាននូវការអភិវឌ្ឍមូលដ្ឋាន។
ការថ្លែងបែបនេះ របស់លោក កែន សម្បត្តិ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តការងារអង្កេតសហគ្រាស នៅសាលប្រជុំសាលាខេត្តកណ្តាល ។
លោកបានថ្លែងថា សហគ្រាសមួយចំនួន បានចុះបញ្ជីរពន្ធដារួចរាល់ហើយ ប៉ុន្តែនៅមួយចំនួនទៀតមិនទាន់ បានចុះនៅឡើយនោះទេ ដែលនាំឱ្យមានការបាត់បង់ចំណូលពន្ធ។ ការដែលម្ចាស់អាជីវក ម្ម ដែលមិនទាន់បានចុះបញ្ជីរពន្ធដានោះ មិនមែនមានន័យថា ពួកគាត់មានគំនិតចង់គេចវេ សពីកាតព្វកិច្ចបង់ពន្ជនោះទេ ប៉ុន្តែ ជួនកាលពួកគាត់មិនទាន់បានយល់ដឹងច្បាស់អំពីច្បាប់សារពើពន្ធ ដែលពលរដ្ឋគ្រប់រូបត្រូវតែអនុវត្ត។
លោកអគ្គនាយករង ក៏បានបន្តដែរថា កន្លងមកអគ្គនាយកដ្ឋានបានធ្វើការងារ អង្កេតសហគ្រាសនេះ នៅរាជធានីភ្នពេញ និងនៅតាមបណ្តារខេត្តមួយចំនួនរួចមកហើយ ដូចជានៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ហើយនៅចុងសប្តាហ៍ទី៤នេះ យើងនឹងចាប់ផ្តើមធ្វើនៅខេត្តកណ្តាល ដែលផ្តើមចេញពីក្រុងតាខ្មៅមុនគេ។ ការអនុវត្តអាចប្រកបទៅ បានរលូនគាត់ដាច់ខាត់ ត្រូវតែមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ហើយការងារនេះ គឺដំបូងយើងចុះទៅធ្វើការពន្យល់ ដល់ម្ចាស់អាជីវកម្ម និងជួយពួកគាត់ក្នុងការចុះបញ្ជីរ ហើយមន្ត្រីទាំងអស់ត្រូវតែបង្កភាពងាយស្រួលដល់ពួកគាត់។
លោកបានបញ្ជាក់ដែរថា ការងារដែលអាចប្រព្រឹត្តិទៅបានជោគជ័យ ទាល់តែមានការរួមសហការគ្នារវាងមន្ត្រីជំ នាញជាមួយអាជ្ញាធរ និងត្រូវតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែរ ហើយក៏សូមឱ្យអាជ្ញាធរមេត្តាបន្តជួយ សម្របសម្រួលទាំងការអនុវត្តការអង្កេតសហគ្រាស ក៏ដូចជាការងារប្រមូលចំណូលពន្ធ ជាពិសេស គឺពន្ធអចលនៈទ្រព្យតែម្តង ព្រោះចំណូលនេះគឺបានទៅដល់ ឃុំ សង្កាត់៣០ភាគរយដើម្បីយកទៅធ្វើការអភិវឌ្ឍមូលដ្ឋាន។ ទន្ទឹមហ្នឹងនោះឯកឧត្តម ក៏កោតសសើរដល់សាខាពន្ធដាខេត្តផងដែរ ដែលរយៈ១០ខែនេះ អាចមូលពន្ធអចលនៈទ្រ ព្យលើសផែនការដល់ទៅជាង៣០ភាគរយ ហើយក៏សូមអំពាវនាវបងប្អូនឱ្យប្រញាប់ចូលទៅបង់ពន្ធដឹកជញ្ជូនឱ្យបានរួសរាន់ផងដែរព្រោះនៅសល់តែ ជាងមួយសប្តាហ៍ទៅប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងដែរថា សហគ្រាសនៅទូទាំងខេត្តមានចំនួន១៥៦០ក្នុងនោះ សកម្មភាពផលិតមានចំនួន៣២៦សហគ្រាស ស កម្មភាពសេវាកម្មចំនួន២៦០ សកម្មភាពពាណិជ្ជកម្មចំនួន៨៣៤ និងសកម្មភាពដ៏ទៃទៀតចំនួន១៤០សហគ្រាស ហើយសហគ្រាសជាប់ពន្ធមធ្យមចំនួន៥៧៨ និងជាប់ពន្ធតូចចំនួន៩៨២សហគ្រាស៕