(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលការិយាល័យជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវរកឃើញជនជាតិវៀតណាម៥នាក់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ប្រាំពីរ ឃុំបួរ ស្រុក ភ្នំព្រឹកខេត្តបាត់ដំបង បានចូលមកស្នាក់នៅរកស៊ីខុសច្បាប់ ដែលមានឯកសារមិនត្រឹមត្រូវ រួចកសាងសំណុំរឿងបញ្ជូនពួកគេ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញទៅស្រុកកំណើតវិញ។
លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ នាយការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តបានឲ្យដឹងថា យោងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត ការិយាល័យជំនាញតែងតែ បានចុះស្រាវជ្រាវត្រួតពិនិត្យជាប្រចាំ ស្វែករកជនបរទេសទូទៅ លួចចូលមកស្នាក់នៅក្នុងខេត្តដោយខុសច្បាប់ បានជាបន្តបន្ទាប់កន្លងមក ជាក់ស្តែង នាពីព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កម្លាំងការិយាលយ័អន្តោប្រវេសន៍ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះត្រួតពិនិត្យឃើញ ជនបរទេសមកស្នាក់នៅខុសច្បាប់ គឺជាជនជាតិវៀតណាមចំនួន៥នាក់ (ស្រីម្នាក់) ស្ថិតនៅភូមិ ប្រាំពីរ ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៥នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះមាន៖
១. ឈ្មោះ DANG BICH KIEU ភេទ ស្រី អាយុ ៣៣ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ c2820594 មិនមានបោះត្រាចូលប្រទេស ។
២. ឈ្មោះ NGUYEN THANH TUONG ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ c2820594 មិនមានបោះត្រាចូលប្រទេស។
៣. ឈ្មោះ NGUYEN VAN BINH ភេទ ប្រុស អាយុ ៤៥ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ c4092179 មិនមានបោះត្រាចូលប្រទេស ។
៤. ឈ្មោះ NGUYEN VAN TAM ភេទ ប្រុស អាយុ ៤១ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C2051745 មិនមានបោះត្រាចូលប្រទេស។
៥. ឈ្មោះ HUYN VAN CHIEN ភេទ ប្រុស អាយុ ៣២ ឆ្នាំ គ្មាន លិខិតឆ្លងដែន។
លោកនាយការិយាល័យបានបន្តថា បើតាមការសាកសួរជនបរទេសជាជនជាតិវៀតណាម ទាំង០៥នាក់ បានចូលមកប្រទេសកម្ពុជា តាមច្រកភ្នំឌិន ដោយពេលវេលាខុសៗគ្នាតាមរថយន្ត ដឹកស្វាយ។ ដោយមានគោលបំណង មកស៊ីឈ្នួលធ្វើការឲ្យគេនៅខ្មែរ ក្នុងការថែរទាំចំការស្វាយបានកម្រៃពលកម្ម ក្នុងមួយថ្ងៃ បីម៉ឺនរៀលក្នុង១ថ្ងៃ ដោយមានអ្នកម៉ៅចំការស្វាយមាន ឈ្មោះ ជា ឆាយ ហៅ ឌុង ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជាជនជាតិ ខ្មែរ មានទីលំនៅ នៅខេត្តកំពង់ស្ពឺ។
នាយការិយាល័យជំនាញ បានធ្វើការអំពាវនាវដល់ម្ចាស់អាជីវកម្មផ្សេងៗ នៅក្នុងខេត្តបាត់ដំបងថា មុននឹងយកពលករជាជនជាតិបរទេសមកធ្វើការឲ្យខ្លួន សូមមេត្តាពិនិត្យឯកសារ និងប្រវត្តិរបស់ឲ្យបានត្រឹមត្រូវច្បាស់លាស់ តើពួកគេមានឯកសារស្របច្បាប់ហើយឬនៅ ? ជៀសវាងមានការខុសឆ្គងផ្នែកច្បាប់ និងរួមគំនិតឲ្យស្នាក់នៅ ដោយខុសច្បាប់ អាចនឹងមានទោសទណ្ឌ ដល់ម្ចាស់អាជីវកម្មនោះ រួមទទួលខុសត្រូវផងដែរ៕