(ភ្នំពេញ)៖ រោង​ចាំដីរប​ស់អតីតអភិបាលរងខេត្តព្រះវិហារ ដែលធ្លាប់ជាប់ពន្ធនាគាររឿងដីធ្លី គឺលោក ​មាស សាវឿន​ ដែលបាន​សាង​សង់លើដីទំនាស់មួយកន្លែង ​ស្ថិតនៅ​ក្នុង​ភូមិ​ទួល​ពពែ ​សង្កាត់ទួលសង្កែទី២ ​ត្រូវបាន​លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចម្រុះប្រើវិ​ធានការរដ្ឋ​បាលចុះទៅ​រុះរើ ​នៅថ្ងៃទី​២៧ ​ខែ​វិឆ្ឆិកា​ ឆ្នាំ​២០១៧។

តែទោះបីជាយ៉ា​ងណា​ ការ​ប្រើវិ​ធានការរ​ដ្ឋបាលនោះ​ ពុំបានសម្រេច​ឡើយ​ ដោយសារតែ​លោក​ មាស​ សាវឿន ​បានចេញមុខមក​ស្នើរសុំឲ្យ​អាជ្ញាធរ ឲ្យជួយពន្យា​ពេល​​​រយៈ​ពេល​១០ថ្ងៃក្រោយ ​គាត់​នឹង​រុះរើ​ចេញខ្លួ​នឯង ដោយរាប់គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខប៉ុណ្ណោះ។

​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ ​បានបញ្ជាក់ថា​ ​ការ​ចុះរុះ​រើរោង​ចាំដី ដែល​សង់​រំលោ​ភលើដីទំនាស់​ខាងលើនេះដែរ បានធ្វើ​ឡើង​តាម​បញ្ជា​របស់លោក ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​របស់​ឈ្មោះ លឹម ​វណ្ណា​ ភេទ​ស្រី អាយុ​៦១ឆ្នាំ​ ព្រោះនៅមុន​ពេលឈានដល់ការចុះរុះរើសំណង់រោងឈើនេះ ​អាជ្ញាធរ​បាន​ចុះមកហាម​ឃាត់​ និង​ណែនាំ​ឲ្យ​រុះរើដោយ​ខ្លួន​ឯង ​តែម្ចាស់​មិន​ស្តាប់​ទើបឈានដល់ការ​ប្រើវិ​ធាន​ការរ​ដ្ឋាបាល ស្រាប់តែក្រុមគ្រួ​សារលោកស្រី ថាច់ ស៊ីសាម៉ា ដែល​ជាអ្នក​ចាំដី​ឲ្យលោក មាស សាវឿន និងបក្ខពួកប្រមាណ​ជិត១​០នាក់ ប្រដាប់​ដោយកាំ​បិត ពូ​ថៅ មកធ្វើ​ការរេ​រ៉ាំងអា​ជ្ញាធរ​ផងដែរ​។

ទោះ​បីជាយ៉ា​ងណាលោក​ មាស សាវឿន​ បា​នចេញមុ​ខមកអះអាងសម្រ​បសម្រួល​ ដោយ​ស្នើសុំ​ពន្យាពេល​រយះពេ​ល១០ថ្ងៃក្រោយ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខប៉ុណ្ណោះ ដើម្បីរុះរើសំណង់ឈើលើដីនោះចេញដោយខ្លួនឯង បើមិនដូច្នេះទេ អាជ្ញាធរនិងចាត់វិធានការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិឡើយ។

​បើតាមការអះអាងពីលោកស្រី លឹម វណ្ណា បានឲ្យដឹងថា ដីទំនាស់​នេះ មាន​ទំហំ​ប្រមាណ​ជាង​១ហិកតា ​ស្មើនិង១២០០០ម៉ែត្រការ៉េ ដែល​មាន​ជម្លោះដ៍រ៉ាំរ៉ៃ​ជាយូរមក​ហើយ ជាមួយលោក មាស សាវឿន ដោយគាត់បានទិ​ញដោយ​ស្រប​ច្បាប់​ពីលោ​ក លឹម អាន តាំងពីឆ្នាំ១៩​៩៩ ​ដោយ​មាន​អាជ្ញាធរ​ ភូមិ​ សង្កាត់ ​ខណ្ឌដឹងឮ​ និងទទួលស្គាល់ត្រឹមត្រូវ។ លុះ​ក្រោយ​មក​ស្រាប់​តែ​លោក​មាស​ សាវឿន​ ដែល​មានដី​នៅ​ខាង​កើត​បាន​លក់​ដីអស់ហើយ ​និងបាន​ប្តឹងចោទ​ឈ្មោះ លឹ​ម អាន ថា លួចបាន​យក​ដីលក់​ និងប្តឹង​ដណ្ដើម​ដីរបស់​គាត់​ដែល​ទិញ​ដោយ​ស្រប​ច្បាប់ទៅវិញ។

លោកស្រី ​លឹម ​វណ្ណា ​បន្តថា កាលពីអំឡុងថ្ងៃទី​១៥ ខែតុ​លា ឆ្នាំ២០១៧ កន្លងទៅ ស្រា​ប់តែ​ក្រុមគ្រួសារលោកស្រី ថាច់​ ស៊ី សុ​ម៉ា ប្រមាណជិត១០នាក់ ដែលអ្នកយាមដីឲ្យលោក មាស សាវឿន បាន​នាំគ្នាមកសា​ងសង់រោ​ងរំលោ​ភយក​ដីរបស់គាត់។​ ជាមួយគ្នានោះ គា​ត់ក៏បាន​ប្តឹង​ទៅអាជ្ញាធរខណ្ឌឬ​ស្សីកែវ ឲ្យ​ជួយ​អន្តរា​គមន៍​ចុះមក​រុះរើ ​នៅពេល​នេះ ​តែត្រូវ​ម្ចាស់​សុំពន្យា​ពេល​។

លោកមាស​ សាវឿ​ន ក៍បា​នឲ្យ​ដឹងផងដែរថា ​ដីនោះ​ជាដីរ​បស់គា​ត់ដែលបា​នកាន់កាប់តាំង​ពីឆ្នាំ១៩៨៨ ​ដោយមានទំ​ហំជាង៣ហិកតា៕