(ភ្នំពេញ)៖ លោក សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីជំរាបជូនសាធារណជន អំពីជនទុច្ចរិតដែល បានហែក (Hack) ចូលហ្វេសប៊ុករបស់លោក ដែលបាននិយាយប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេស។
ក្នុងសន្និសីទនោះបានផ្តោតសំខាន់ ទៅទណ្ឌិតនៅក្រៅប្រទេស ជាអ្នក Hack ចូលហ្វេសប៊ុករបស់លោក។ ទោះបីជាលោកមិនសំដៅចំឈ្មោះបុគ្គលណា ក៏សំដៅទៅលើក្រុម អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលលោកកំពុងរស់នៅប្រទេស ។
លោក សេរី កុសល ថា «ខ្ញុំមិនប្រើពាក្យជនអនាមិកទេ ពីព្រោះប្រភពនៃការហែកចូល ការបំផ្លាញដែលមាន នៅក្នុងផេករបស់ខ្ញុំ គឺមានចេតនាច្បាស់លាស់ណាស់ គឺបង្កនូវភាពច្របូកច្របល់នៅក្នុងប្រទេសជាតិ ។
លោក សេរី កុសល បានបដិសេធចោលទាំងស្រុង នូវហ្វេសបុកក្លែងក្លាយ ដែលយកអាខោនហ្វេសបុក របស់គាត់ ទៅអំពាវនាវអោយកងកម្លាំងប្រដាប់ អាវុធបែរចុងកាណុងទៅប្រមុខរាជរដ្ឋាភិបាល ។
លោកបញ្ជាក់ថា «អ្នកទាំងនោះល្ងង់ ត្រង់ថា ចរិករបស់ខ្ញុំចាប់ផ្តើមធ្វើនយោបាយជាង៣០ឆ្នាំមកនេះ ខ្ញុំមានចរិកច្បាស់លាស់ និងទិសដៅ ច្បាស់លាស់ណាស់ ក្នុងការធ្វើសកម្មភាពទាំងនយោបាយ ទាំងយោធា ខ្ញុំមិនដែលចេះប្រើពាក្យដូចពួកនេះបាន បង្ហោះនៅក្នុងផេកក្លែងក្លាយ ហើយខ្ញុំខ្លួនឯង មិនដែលបប្រើពាក្យនូវអ្វីការរុញកងកម្លាំងគ្រប់ប្រភេទ អោយបែរចុងកាណុង ទៅរកប្រមុខរាជរដ្ឋាភិបាល ។ អ្វីដែលជាពាក្យកំសោយ ដែលពួកនេះបានប្រើប្រាស់ ដែលបង្ហាញអោយឃើញថា ភាសានេះ មានតែពួកក្បត់ជាតិមួយក្រុមតូច ដែលរស់នៅបរទេស ទណ្ឌិតខ្លះដែលកំពុងផុងខ្លួននៅឯបរទេស និងដៃជើងគាំទ្ររបស់ទណ្ឌិត ដែលតែងប្រើប្រាស់ពាក្យនេះតាំងពីដើមមក»។
លោក សង្កត់ធ្ងន់ថា «ខ្ញុំសូមបដិសេធចោលទាំងស្រុង នូវអ្វីជាការ Hack ចូលក្នុងផេក និងហ្វេសបុករបស់ខ្ញុំ ហើយបានប្រើពាក្យជំរុញ ដោយចង់ផ្សារភ្ជាប់ខ្ញុំ ទៅនឹងអតីតកាលដែលខ្ញុំ មានសកម្មភាពនយោបាយ និងយោធាខ្លាំង តែភ្លេចគិតថា បច្ចុប្បន្នកាលខ្ញុំជាសមាជិករាជរដ្ឋាភិបាល ហើយកំពុងធ្វើការងារមួយ ប្រកបដោយការទទួលខុសត្រូវ ក្នុងនាមសមាជិករាជរដ្ឋាភិបាលជាអនុប្រធានទី១ អាជ្ញាធរមីន ដែលទទួលការណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន ដែលអាជ្ញាធរមីនឈរលើគោលការណ៍ គឺជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ ដែលទទួលរងនូវផលវិបាកនៃសង្គ្រាម»៕