អភិបាលខណ្ឌដង្កោ បន្តយុទ្ធនាការចុះស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ដើម្បីដោះស្រាយជូនពលរដ្ឋ
27-11-2017 17:12
(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ព្រមទាំងទទួលយកសំណើ សំណូមពរ និងបញ្ហាកង្វល់នានារបស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំយកការនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស។
ជាមួយគ្នានេះ លោកអភិបាល ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់ របស់សម្តេចទាំងពីរ ដែលតែងគិតគូពីការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។
ជាការឆ្លើយតប ប្រជាពលរដ្ឋភូមិក្រាំងស្វាយ បានធ្វើការថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរពីការលំបាករបស់ពួកគាត់ និងបានដោះស្រាយជូនបានទាន់ពេលវេលា៕