(កំពងឆ្នាំង)៖ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ព្រមទាំងនាយទាហាន នាយទាហារង ពលទាហានទាំងអស់ សូមប្រកាស​បដិសេធចោល និងថ្កោលទោសយ៉ាងខ្លាំងខ្លាបំផុត ចំពោះក្រុមអនាមិកដែលបាន Hack ចូល Facebook Page របស់ Fresh News ហើយផ្សាយព័ត៌មាននាំឲ្យប៉ះពាល់ដល់សន្តិសុខ ពាក់ព័ន្ធជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឧត្តមសេនីយ៍មេបញ្ជាការ តាងនាមឲ្យមេបញ្ជាការរង និងពលទាហាន​ទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទី យ៉ាងមានប្រសិទ្ធភាព លើកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូន​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងប្រទេសកម្ពុជាទាំងមូល បានប្រកាសថា ការផ្សាយព័ត៌មានបំពុលសង្គមរបស់ក្រុម Hacker នៅក្រៅប្រទេសទាំងនេះ គឺជាអំពើ និងមានចរិកវិទ្ធង្សសនា ហើយជាអំពើខ្មៅងងឹត នាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។

ឧត្តមសេនីយ៍ឯក ព្រហ្ម​ ផេង បានប្រកាសសារជាថ្មីអំពីជំហរឥតងាករេ និងការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត ជាទីបំផុតដើម្បីការពារ សុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារអោយបាន ដាច់ខាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ និងសូមធ្វើការអំពាវនាវ ដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយមាន វិធានការណ៏ធ្វើការស្រាវជ្រាវវែករកមុខឧក្រិដ្ឋជនខាងលើ នាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕