(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ប្រាប់ប្រតិភូធុរកិច្ចជប៉ុនថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ បើកចំហរជើងមេឃ ក្នុងការស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស ពិសេសការវិនយោគផ្ទាល់ពីជប៉ុនតែម្តង។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចជប៉ុន ដែលដឹកនាំដោយលោក អ៊ុជីអិ តេរឺហ៊ីកុ (Ujie Teruhiko) ប្រធានធនាគារ 77 Bank។
ធនាគារ 77 Bank ជាធនាគារដ៏ធំមួយ ដែលមានទីស្នាក់ការនៅក្រុង សេនដាយ (Sendai) ស្ថិតនៅភាគពាយ័ព្យនៃប្រទេសជប៉ុន។ គណៈប្រតិភូធុរកិច្ចនាពេលនេះ មានសមាជិកចំនួន ២១ រូបមកពីសហគ្រាសក្នុងវិស័យនានា ដែលមានទីតាំងនៅក្រុង សេនដាយ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីប្រតិភូ បានស្វាគមន៍ដំណើរទស្សនកិច្ចនេះ ដែលផ្តល់ឱកាសដល់សមាជិកគណៈប្រតិភូ បានស្វែងយល់កាន់តែច្បាស់ អំពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកាលានុវត្តភាពនានា ក្នុងការវិនិយោគនៅកម្ពុជា។
លោក សុខ ចន្តាសោភា បានជម្រាបជូនគណៈប្រតិភូ ពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងអំឡុងពេលជាង២ទស្សវត្សរ៍កន្លងមក និងកំណើននៃការវិនិយោគរបស់ជប៉ុន ក្នុងអំឡុងពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ដែលបានចូលរួមចំណែកដល់ការ ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានាំមកនូវបច្ចេកវិទ្យាថ្មីៗ។
លោកក៏បានជម្រាបជូន «គណៈប្រតិភូអំពីគោលនយោបាយ បើកចំហរបស់រាជរដ្ឋាភិបាល ក្នុងការស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសការវិនិយោគផ្ទាល់ពីជប៉ុន ដែលក្នុងនាមជាស្ថាប័នជំរុញការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែបានចូលរួមសិក្ខាសាលាវិនិយោគកម្ពុជា នៅប្រទេសជប៉ុន ក៏ដូចជារៀបចំឱ្យមានតុជប៉ុន (Japanese desk- ការិយាល័យទទួលភ្ញៀវវិនិយោគជប៉ុន ប្រចាំការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបំពេញការងារ ដោយអ្នកជំនាញជនជាតិជប៉ុន ជួយផ្តល់នូវគ្រប់ព័ត៌មាន ដែលអ្នកវិនិយោគជប៉ុនត្រូវការ) និងយន្តការគាំពារអ្នកវិនិយោគជប៉ុន នៅកម្ពុជាផងដែរ»។
ជាកិច្ចឆ្លើយតប លោក អ៊ុជីអិ តេរឺហ៊ីកុ បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីប្រតិភូ ដែលបានឆ្លៀត ឱកាសដ៏មមាញឹកទទួលជួបគណៈប្រតិភូនាពេលនេះ ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ការអភិវឌ្ឍវិស័យឯកជន។
លោក អ៊ុជីអិ តេរឺហ៊ីកុ បានកោតសរសើរនូវការរីកចម្រើនរបស់កម្ពុជា ដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅ និងបានសន្យាថានឹងជួយជំរុញការវិនិយោគពីក្រុង សេនដាយ មកកម្ពុជា។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានឆ្លើយតបទៅនឹងសំណួរមួយចំនួន របស់សមាជិកគណៈប្រតិភូផងដែរ។
គួរបញ្ជាក់ដែរថា ការវិនិយោគផ្ទាល់ពីជប៉ុន មកកាន់កម្ពុជានាពេលកន្លងមកមាន ការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅឆ្នាំ ២០១៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគជប៉ុន ដែលមានដើមទុនវិនិយោគ សរុបប្រមាណ ៨២២ លានដុល្លារអាមេរិក៕