(ព្រះវិហារ)៖ ដើម្បីឆ្លើយតបចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានចូលរួមចំណែកកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន​តីតយុទ្ធជន​គ្រប់ពេលវេលា ក្នុងនោះសម្តេចបានផ្តល់ប្រាក់បៀវត្សន៍ប្រចាំខែ ផ្តល់ផ្ទះសំបែង ដីស្រែចំការ លើសពីនេះទៅទៀត សម្តេចបានបង្កើតសមាគមន៍អតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងជួយដល់គ្រួសារបងប្អូនអតីតយុទ្ធជន​បានទាន់ពេលវេលា នៅពេលដែលមានហេតុការណ៍កើតឡើងភ្លាមៗ ដូចជាទទួលមរណភាពជាដើម។

ដោយអនុវត្តន៍តាមទិសដៅរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាការណែនាំរបស់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា, លោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ដ្រា មេបញ្ជការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តែងដឹកនាំថ្នាក់ដឹកនាំសមាគមតាមក្រុង ស្រុកចុះជួយជានិច្ច ចំពោះគ្រួសារអតីតយុទ្ធជននៅទូទាំងខេត្ត ដែលមានជីវភាពលំបាក និងជួបនូវហេតុការណ៍ផ្សេងៗ។

ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោករួមជាមួយថ្នាក់ដឹកនាំសមាគម បាននាំយកថវិការបេឡាមរណសង្រ្គោះចំនួន៤លានរៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ លួន អូន អាយុ៥៦ឆ្នាំ ជាជនពិការនៅភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយជំងឺប្រចាំកាយ។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា និងក្រុមការងារបានបន្តដំណើរសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនជាជនពិការផ្សេងៗទៀត និងបានឧបត្ថម្ភថវិកា​ផ្ទាល់ខ្លួន របស់លោកជាការលើកទឹកចិត្ត ដល់គ្រួសារអតីតយុទ្ធជនទាំងនោះផង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ ច័ន្ទ សុភ័ក្រា្ដ បានឲ្យដឹងថា រហូតមកដល់ពេលនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន បានចំនួន៥ខ្នងហើយ និងបានចុះស្រាវជ្រាវដើម្បីសាងសង់បន្ត ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រផ្សេងៗទៀត ហើយលោកក៏បានធ្វើការណែនាំដល់ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនតាមស្រុក ក្រុងក្នុងខេត្ត ត្រូវយកចិត្តទុកដាក់តាមដានចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារអតីតយុទ្ធជន​ជាប្រចាំ ងាយស្រួល​អាចជួយពួកគាត់បានទាន់ពេលវេលានៅ ពេលដែលពួកគាត់ជួបនូវហេតុការចាំបាច់នានា៕