(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាច្រើននាក់ បានសហការជាមួយក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន វីតាល់ បានរៀបចំកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវត្តមានលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោកហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងទឹកបរិសុទ្ធវីតាល់ ព្រមទាំងនិស្សិតជាច្រើនរូបផងដែរ កម្មវិធីនេះរយៈពេលពីរថ្ងៃ គឺនៅព្រឹកថ្ងៃទី២៧និង២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ហើយលោកក៏បានអបអរសាទរដល់ទឹកចិត្ត សប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិត ទាំងឡាយ ដែលប្អូនៗ មានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាម។
លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្លែងអំណរ គុណ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទាំងអស់ ដែលបានប្រារព្ធកម្មវិធីផ្តល់ឈាមនេះ ដែលការចូលរួមបរិច្ចាគឈាមនេះ គឺពិតជាប្រសើរណាស់ ព្រោះស្តុកឈាមរបស់យើង ក៏កំពុងតែត្រូវការប្លោកឈាម ដើម្បីបំពេញបន្ថែមសម្រាប់ការផ្គត់ផ្គង់ ដល់តម្រូវការដែលមាន ការកើនឡើងជារៀងរាល់ថ្ងៃ។
លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មេត្ដាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាម ជាចាំបាច់ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្គ្រោះជីវិតមនុស្ស។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញ លើសកម្មភាពសប្បុរសធម៌ បានសន្យាថា នឹងបន្តគាំទ្រ និងឧត្ថម្ភដល់កម្មវិធីបរិច្ចាគឈាម និងសកម្មភាពមនុស្សធម៌សង្គមផ្សេងៗទៀត ដើម្បីជាសក្ខីភាពនៃការចូលរួម របស់អតិថិជន វីតាល់ក្នុងមូលនិធិ២៥រៀល ពីការលក់ទឹកមួយដប៕