(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ដល់យុវជនក្នុងការខ្ចីប្រាក់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Khmer Capital បានលេចវត្តមាននៅកម្ពុជា ជាមួយការផ្ដល់កម្ចីយ៉ាងពិសេស ដល់យុវជនដោយមិនត្រូវការទ្រព្យបញ្ចាំនោះឡើយ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Khmer Capital ជាគ្រឹះស្ថានមួយ ដែលមានការវិនិយោគរួមគ្នារវាង អ្នកវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ ។
លោក គីម ហ៊ាង សហស្ថាបនិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Khmer Capital បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់គ្រឹះស្ថានមីក្រូហិវញ្ញវត្ថុ Khmer Capital ជាផ្លូវការថា គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ Khmer Capital នេះ នឹងផ្ដល់ជូននូវសេវាកម្មថី្មៗជាច្រើន ជូនដល់អតិថិជនក្នុងស្រុក ដើម្បីជួយផ្ដល់ភាពងាយស្រួលបន្ថែមទៀត។
លោកបានបន្ដទៀតថា «ខ្ញុំឃើញថាបច្ចុប្បន្ននេះ ជាទូទៅមានគ្រឹះស្ថានមីក្រូហិវញ្ញវត្ថុ ធនាគារជាច្រើន នៅពេលផ្ដល់ឥណទាន តែងតែត្រូវការទ្រព្យបញ្ចាំ ប៉ុន្ដែចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Khmer Capital វិញកំពុងតែសិក្សាទៅលើទីផ្សារមួយចំនួន ដែលផ្ដល់ឥណទាន ដល់មនុស្សវ័យក្មេង ទិញរបស់ប្រើប្រាស់ ដោយមិនមានទ្រព្យបញ្ចាំង ឧទាហរណ៍ថា នៅកម្ពុជាមានប្រជាជនជាច្រើនជាបុគ្គលិកក្រុមហ៊ុន អង្គការ សិស្សសាលាដែលត្រូវការរបស់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា ការបង់លុយថ្លៃសាលា ត្រូវការទិញម៉ូតូទូរស័ព្ទ កុំព្យូរទ័រ ឬរបស់ប្រើប្រាស់ផ្ទាល់ខ្លួន។ នេះជាទីផ្សារមួយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Khmer Capital កំពុងចាប់អារម្មណ៍ និងកំពុងពិចារណា»។
លោកបានបញ្ជាក់ទៀតថា «នេះអាចចាត់ទុកថា ជាទីផ្សារមួយដែលផ្ដល់ឥណទាន ដោយមិនត្រូវការទ្រព្យបញ្ចាំ ប៉ុន្ដែទឹកប្រាក់ទាំងនេះ សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ»។
លោកបានបន្ដទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Khmer Capital នេះនឹងចូលរួមចំណែកក្នុងភាពជាដៃគូរអាជីវកម្មដ៏ល្អ ក្នុងការធ្វើកិច្ចសហការជាមួយគ្នា មិនត្រឹមតែ ដើម្បីជួយគាំទ្រដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងជួយគាំទ្រ និងជំរុញជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ឲ្យមានលក្ខណៈកាន់តែល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Khmer Capital បានប្រកាសបើកជាផ្លូវការ នៅការិយាល័យកណ្ដាល ដែលមានទីតាំងនៅអគារលេខ៣៨ មហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលនេះជាការត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា៕