(ភ្នំពេញ)៖ តំណាងសហជីព និងសមាគមចំនួន៤នៅកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការរួមមួយ ដោយពន្យល់ឱ្យអង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិច និងអ្នកបញ្ជាទិញដឹងថា បញ្ហាពាក់ព័ន្ធនឹងរឿងនយោបាយនៅកម្ពុជាបច្ចុប្បន្ន គឺជារឿងដាច់ដោយឡែកពីបញ្ហាសេដ្ឋកិច្ច ជាពិសេសវិស័យវាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប។
យោងតាមសេចក្តីប្រកាសដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការប្រព្រឹត្តទៅនៃដំណើរការការងាររបស់កម្មករ កម្មការិនីរាប់សែននាក់ បាននឹងកំពុងរីករាយទៅនឹងការផ្តល់នូវប្រយោជន៍ ជាច្រើនដែលរដ្ឋាភិបាល បានធ្វើតាមការស្នើសុំរបស់ក្រុមសហជីព និងមានការព្រមព្រៀងគ្នាដូចជាការដំឡើងប្រាក់ឈ្នូលអប្បបរមា១៧០ដុល្លារ បញ្ហាសុខមាលភាព លក្ខខណ្ឌការងារប្រសើរជាងមុខ និងការផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ របស់អង្គការអន្តរជាតិ ILO ផ្នែកសិទ្ធិការងារជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «សូមអង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកបញ្ជាទិញនានា សូមកុំទាញ យកបញ្ហាខាងលើពាក់ព័ន្ធនឹងរឿងនយោបាយ និងកុំយកផលប្រយោជន៍របស់កម្មករ កម្មការិនីរាប់សែននាក់ ព្រមទាំងប្រជាពលរដ្ឋរាប់លាននាក់ ដែលបានទទួលផលប្រយោជន៍ពីវិស័យកាត់ដេរនេះ ធ្វើជាចំណាត់ខ្មាំងនៃកត្តានយោបាយមួយជ្រុងនោះឲ្យសោះ»។
សូមអានសេចក្តីថ្លែងការណ៍ រួមរបស់តំណាងសហជីព និងសមាគម ដូចខាងក្រោម៖