(សិង្ហបុរី)៖ កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសិង្ហបុរី ផ្ដោតលើការផ្លាស់ប្តូរបទពិសោធន៍ការងារកីឡា និងចលនាអូឡាំពិក ក្នុងនោះសិង្ហបុរីនឹងជួយកម្ពុជា ក្នុងការហ្វឹកហាត់កីឡាថ្នាល និងកម្រិតខ្ពស់ ចែករំលែកលើវិទ្យាសាស្រ្ត និងពេទ្យកីឡា ការប្រឆាំងនឹងការប្រើសារធាតុ Doping និងផ្តល់នូវបទពិសោធន៍គ្រប់គ្រង រៀបចំការប្រកួតកីឡាធំៗ ពង្រឹងសមត្ថភាពមន្រ្តីកីឡា និងកីឡាករកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ នៅឆ្នាំ២០២៣។
ការចុះអនុស្សរណៈ និងខ្លឹមសារនៃអនុស្សរណៈនេះ ត្រូវបានបញ្ជាក់ដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
អនុស្សរណៈខាងលើ ត្រូវបានចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ថោង ខុន ជាមួយលោក TAN CHUON JIN សមាជិករដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអូឡាំពិកសិង្ហបុរី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ដែលមានលោក SER MIENG សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ជាសាក្សី។
លោក ថោង ខុន បានបញ្ជាក់ថា ខ្លឹមសាររួមនៃកិច្ចសហប្រតិបត្តិការខាងលើ គឺផ្អែកលើគោលដៅផ្លាស់ប្តូរបទពិសោធន៍ការងារកីឡា និងចលនាអូឡាំពិក ផ្តល់ការបណ្តុះបណ្តាលដល់កម្ពុជា ក្នុងការហ្វឹកហាត់កីឡាថ្នាល និងកម្រិតខ្ពស់ ចែករំលែកលើវិទ្យាសាស្រ្ត និងពេទ្យកីឡា ការប្រឆាំងនឹងការប្រើសារធាតុ Doping និងផ្តល់នូវបទពិសោធន៍គ្រប់គ្រង រៀបចំការប្រកួតកីឡាធំៗ។
លោករដ្ឋមន្ត្រីបានបន្តថា អនុស្សរណៈនេះមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ការពង្រឹងសមត្ថភាពមន្រ្តីកីឡា និងកីឡាករកម្ពុជា ឆ្ពោះទៅត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីទទួលបានជោគជ័យក្នុងការរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ នៅឆ្នាំ២០២៣៕