(ភ្នំពេញ)៖ កុមារកម្ពុជាជាង១ពាន់នាក់ ដែលសិក្សាកម្មវិធី យូស៊ីម៉ាស់ របស់សាលាអាឃីដ បានចូលរូមប្រឡងយកវិញ្ញាបនបត្រកម្រិតអន្តជាតិ ដោយកុមារទាំងនោះ មកពីសាខាទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

ក្នុងការប្រឡងកម្មវិធីអន្តជាតិនេះ កុមារដែលសិក្សាកម្មវិធី យូស៊ីម៉ាក់របស់សាលាអាឃីដចំនួន១,២២៨នាក់ ដែលបានចូលរួមប្រលងលើវិញ្ញាសារគណិតវិទ្យា បែបគិតលេខរហ័សកម្រិតអន្តជាតិអាយជីអ៊ី មកពីប្រទេសម៉ាឡេស៊ី ដែលមានសិក្សាមកចូលរួមការប្រលងមកពីសាខាទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល។

បើតាមការបញ្ជាក់ពីលោក បើក ណាតវង្ស នាយកប្រតិបត្តិរបស់យូស៊ីម៉ាស់កម្ពុជា បានអោយដឹងឲ្យថា ការប្រលងនេះ ធ្វើឡើងដើម្បីផ្តល់ជូនសិស្សានុសិស្ស ដែលប្រលងជាប់នូវវិញ្ញាបនបត្រកម្រិតអន្តរជាតិ ពីប្រទេសម៉ាឡេស៊ី ដែលទទួលស្គាល់៧៥ប្រទេស នៅលើពិភពលោក។ ឱកាសនេះផ្តល់ជួនដល់ សិស្សានុសិស្សទាំងអស់ បានចូលរួមបញ្ចេញសមត្ថភាព ក្នុងការប្រឡងស្តង់ដារអន្តរជាតិ អាយអេសអូរ ជំរុញឲ្យការខិតខំរៀនសូត្ររបស់កុមាររឹតតែខ្លាំងឡើង និងពង្រឹងគុណភាពឲ្យកាន់តែល្អប្រសើរ ជាពិសេសគឺបង្កើននូវភាពជឿជាក់ និងភាពក្លាហានដល់កុមារតាមរយៈកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ។

លោក បើក ណាតវង្ស បានបន្ថែមទៀតថា កម្មវិធីយូស៊ីម៉ាស់ គឺជាកម្មវិធីសិក្សាបន្ថែមក្រៅម៉ោង ដែលទទួលស្គាល់ថា ជាកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ កម្រិតអាយអេសអូ លើការគណនាលេខរហ័សដោយការប្រើប្រាស់ខួរក្បាល នឹងការពង្រឹងជំនាញគណិតវិទ្យា។ កម្មវិធីយូស៊ីម៉ាស់បានលើកកម្ពស់ និងអភិវឌ្ឍខួរក្បាលតាមរយៈការបង្កើតឲ្យមានមូលដ្ឋាន​ និងជំនាញប្រាំផ្នែក ទី១ធ្វើអោយកុមារមានការចងចាំបានល្អ ទី២កុមារមានការផ្តោតអារម្មណ៍ខ្ពស់ ទី៣កុមារមានគំនិតច្នៃប្រឌិត ទី ៤ធ្វើអោយកុមារមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងទី៥ធ្វើអោយកុមារមានទំនុកចិត្តលើខ្លួនឯងខ្ពស់។

តំណាងអាណាព្យាបាលសិស្ស ដែលបាននាំកូនមកប្រលង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបង្ហាញការជឿទុកចិត្ត ចំពោះកម្មវិធីអភិវឌ្ឍន៍ខួរក្បាលមួយនេះ ដោយពួកគាត់បញ្ជាក់ ពីការវិវត្តន៍យ៉ាងល្អប្រសើរចំពោះកូនៗ របស់ពួកគាត់តាមរយៈការគិតលេខច្រើនៗ ដោយមិនចាំបាច់ប្រើប្រាស់នូវឧបករណ៍គិតលេខ ហើយថែមទាំងប្រើប្រាស់នូវរយៈពេលដ៏ខ្លី បានចម្លើយគណិតវិទ្យា ដ៏ត្រឹមត្រូវមិនគួរអោយជឿ។ ទន្ទឹមនឹងនោះ អាណាព្យាបាលដែលមានកូនៗ សិក្សានូវកម្មវិធីយូស៊ីម៉ាស ក៏បានរំពឹងទុកដែរថា នៅពេលអនាគតកុមារកម្ពុជា កាន់តែមានខួរក្បាលល្អខ្លាំង មិនចាញ់កុមារបរទេសនោះទេ បើសិនជាពួកគេបានឆ្លងកាត់កម្មវិធីសិក្សាល្អៗបែបនេះ ។

សូមបញ្ជាក់ថា កម្មវិធីប្រលងកម្រិតអន្តរជាតិលើកទី៣ ឆ្នាំ២០១៧នេះ យូស៊ីម៉ាស់គិតរហូតមកដល់ពេលនេះ មានសិស្សប្រមាណ១ម៉ឺននាក់ ដែលកំពុងសិក្សានូវកម្មវិធីនេះ នៅទូទាំងប្រទេសកម្ពុជា ដែលមានសាខាចំនួន៣០ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជា កណ្តាល កំពង់ចាម បាត់ដំបង ព្រៃវែង តាកែវ កំពង់ស្ពឺ ព្រះសីហនុ និង បន្ទាយមានជ័យជាដើម៕