Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពេជ សោភ័ន៖ ចិននឹងបញ្ជូនសម្ភារបច្ចេកទេសតម្លៃជាង១០ម៉ឺនដុល្លារ សម្រាប់បម្រើការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា

27-11-2017 14:17

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) សហការជាមួយក្រុមហ៊ុនយ៉ាឡុង នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លើការប្រគល់ និងទទួលជំនួយសម្ភារបច្ចេកទេសជាច្រើនគ្រឿង សម្រាប់ប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិក្ខាកាម ដែលសិក្សាក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋទាំង៧កន្លែង។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាតំណាងភាគីកម្ពុជា លោកស្រី Zhang Jing តំណាងមជ្ឈមណ្ឌលអាស៊ាន-ចិន និងលោកស្រី Zhu Zhiyan តំណាងក្រុមហ៊ុនយ៉ាឡុង នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយបញ្ចប់កិច្ចចុះអនុស្សរណៈ លោករដ្ឋលេខាធិការ ពេជ​ សោភ័ន​​ បានលើកឡើងថា សម្ភារបច្ចេកទេសនោះ ភាគីចិននឹងបញ្ជូនមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែថ្ងៃនេះ ភាគីទាំង៣ ត្រូវចុះហត្ថលេខាលើអនុស្សរណៈប្រគល់ និងទទួលជាមុនសិន។

លោកបានបញ្ជាក់ថា សម្ភារបច្ចេកទេសដែលភាគីចិន ប្រគល់ជូនកម្ពុជានោះ បើគិតជាទំហំទឹកប្រាក់ស្នើនឹងប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក។

លោកបានបន្តថា សម្ភារបច្ចេកទេសដែលទទួលបាននេះ ក្រសួងការងារនឹងយកទៅប្រើប្រាស់ សម្រាប់ការបណ្ដុះបណ្ដាល ដល់សិក្ខាកាម ដែលសិក្សាក្នុងសាលាបណ្ដុះបណ្ដាល របស់រដ្ឋទាំង៧កន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា ឲ្យទទួលបានជំនាញវិជ្ជាជីវៈពិតប្រាកដ នឹងបានយកទៅប្រកបមុខរបរចិញ្ចឹមជីវិត ចូលរួមចំណែកអភិវឌ្ឍន៍សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេស មានចំណូលខ្ពស់ ពោលជាប្រទេសអភិវឌ្ឍន៍។

លោកក៏បានអំពាវបំផុសឲ្យយុវជនកម្ពុជា ដែលមិនទាន់មានជំនាញវិជ្ជាជីវៈ សូមងាកមកសិក្សាជំនាញវិជ្ជាជីវៈ ក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋទាំង ៧ខាងលើ ដើម្បីទទួលបានជំនាញវិជ្ជាជីវៈពិតប្រាកដណាមួយ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត ដោយសុចរិតត្រឹមត្រូវ ចូលរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាដំបូលនៃសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស៕