(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងថា អគារកម្ពស់៥ជាន់ ទំហំ៨៨៨ម៉ែត្រក្រឡា រួមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យ សម្រាប់ពិនិត្យ-ព្យាបាល និងវះកាត់ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យ ព្រះអង្គឌួង សរុបទឹកប្រាក់ប្រមាណ ៨លានដុល្លារ ក្រោមជំនួយរបស់ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ (KOICA) នឹងជួយលើកកម្ពស់ការផ្ដល់សេវាវេជ្ជសាស្ដ្រ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋយើង។

រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចពិភាក្សា ស្ដីពីគម្រោងពង្រឹងសមត្ថភាពព្យាបាល ជំងឺត្រចៀក ច្រមុះ បំពង់ក និងមជ្ឈមណ្ឌលវះកាត់ ក្បាល និងក នៅកម្ពុជា ដែលប្រព្រឹត្ដទៅ នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែវិច្ឆិកានេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «អគារនេះ នឹងចាប់ផ្ដើមសាងសង់ នៅខែមិថុនា ឆ្នាំ២០១៨ខាងមុខ និងបញ្ចប់នៅចុងឆ្នាំ២០២១ ដែលនឹងជួយលើកកម្ពស់វិស័យសុខាភិបាលយើងបានច្រើន ពិសេសកាន់បន្ថយអត្រាឈឺ និងស្លាប់ដោយសារ ជំងឺត្រចៀកបំពង់ក​ ដោយភាគីកូរ៉េ បានផ្ដល់ទាំងអគារ និងសម្ភារៈបរិក្ខារពេទ្យ រួមទាំងការបណ្ដុះបណ្ដាល ដល់ក្រុមគ្រូពេទ្យយើងបន្ថែមទៀត ដែលនេះ នឹងផ្ដល់ការពិនិត្យ-ព្យាបាលប្រជាពលរដ្ឋយើង កាន់តែទំនើបទាន់សម័យ រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ។ គម្រោងនេះ ក៏ជាជំហានថ្មីមួយទៀត ដែលមន្ទីរពេទ្យ ព្រះអង្គឌួង បានទទួលជំនួយឥតសំណង ពីសាធារណៈរដ្ឋកូរ៉េ បន្ទាប់ពីអគារព្យាបាលភ្នែក ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពី២០១៦ កន្លងទៅ»

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងផងដែរថា «យើងខ្ញុំទាំងអស់គ្នា ពិតជាត្រេកអរណាស់ និងសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលបានផ្ដល់អគារ និងសម្ភារៈបរិក្ខារពេទ្យហើយ រួមទាំងបណ្ដុះបណ្ដាលបច្ចេកទេស ដល់ក្រុមគ្រូពេទ្យយើង ទៅសិក្សានៅប្រទេសកូរ៉េផងដែរ។ ដូចនេះយើងទំាងអស់គ្នា ជាក្រុមគ្រូពេទ្យ នឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងសេវាព្យាបាល ជូនប្រជាពលរដ្ឋយើង ឲ្យកាន់តែមានភាពប្រសើរឡើង»

លោកសាស្ដ្រាចារ្យបន្ថែមថា «ដោយសព្វថ្ងៃនេះ ក្នុងមួយថ្ងៃៗ យើងមានអ្នកជំងឺប្រហែលជាង៣០០នាក់ រួមទាំងកម្មករកម្មការិនីកាន់តែច្រើនថែមទៀត រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ដែលគ្រូពេទ្យយើង បើកបម្រើប្រជាពលរដ្ឋរហូត។ ហើយសម្រាប់ដើមឆ្នាំ២០១៨ខាងមុខ ក្រោមការយកចិត្ដទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ដោយកម្មករទាំងអស់ ទាំងជាសមាជិក ប.ស.ស និងក្រៅប្រព័ន្ធ គឺគ្រប់មន្ទីរពេទ្យរដ្ឋយើង នឹងធ្វើការពិនិត្យដោយឥតគិតថ្លៃ ដូច្នេះការពិនិត្យព្យាបាល របស់មន្ទីរពេទ្យយើង នឹងកាន់តែមានកើនឡើងថែមទៀត ដូនេះអគារនេះ នឹងជួយសម្រួលដល់គ្រូពេទ្យយើង និងប្រជាពលរដ្ឋផងដែរ»

ព្រមជាមួយគ្នានោះ នាយក KOICA ប្រចាំនៅកម្ពុជា លោក Yun gil Jeong បានលើកឡើងថា «ការចុះហត្ថលេខានេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវមួយដើម្បីជំនះឧបសគ្គ នឹងដោះស្រាយបញ្ហានានា របស់មន្ទីរពេទ្យ ហើយយើងនឹងបន្ដបណ្ដុះបណ្ដាលជំនាញឯកទេស ដល់ក្រុមគ្រូពេទ្យនៅកម្ពុជា ឲ្យបានកាន់តែច្រើន»។ក្រៅពីគម្រោងនេះ KOICA ក៏កំពុងតែចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល នៅកម្ពុជា តាមរយៈធ្វើឲ្យប្រសើរឡើង នូវមុខងារអគារមិត្ដភាព កម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យកុមារជាតិផងដែរ៕