(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា កំពុងតាមស្រាវជ្រាវរកជនទុច្ចរិទ្ធ ដែលបានចូលវាយប្រហារ (Hack) ទំព័រ Facebook របស់បណ្តាញសារព័ត៌មាន Fresh News ហើយបង្ហោះព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដល់សង្គមកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Facebook ផ្ទាល់របស់សម្តេច យ៉ាងដូច្នេះថា៖ «កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មាន ហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែល បានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ»។ សម្តេចបានបន្តថា «ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ»។
សូមបញ្ជាក់ថា នៅព្រឹកព្រលឹម ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានជនទុច្ចរិត បានចូលវាយប្រហារ (Hack) លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ហើយបង្ហោះសារប្រមាថថា មានការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងគោលដៅធ្វើឱ្យមានចលាចលនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែរហូតដល់ពេលនេះ ទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានអង្គភាព Fresh News យកមកគ្រប់គ្រងទាំងស្រុងវិញហើយ។
អង្គភាពព័ត៌មាន Fresh News សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាជាទីបំផុត ចំពោះជនទុច្ចរិតខាងលើ ហើយសូមអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចជួយមាន វិធានការណ៍ធ្វើការស្រាវជ្រាវវែករកមុខឧក្រិដ្ឋជនខាងលើ នាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕