(កំពង់ស្ពឺ)៖ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន នាំឲ្យកើតមានអំពើលួច ឆក់ ប្លន់ និងបង្កឲ្យមានអំពើអសន្ដិសុខផ្សេង ដល់ប្រជាពលរដ្ឋ សង្គមជាតិទាំងមូល។
កត្កាទាំងនេះហើយ ត្រូវបានលោកឧត្តមសេនីយ៍មេបញ្ជាការ បញ្ជាឲ្យកម្លាំងអាវុធហត្ថរបស់លោក នៅតាមមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត និងធ្វើការអប់រំណែនាំ ដល់អាណាព្យាបាលឲ្យយល់ច្បាស់អំពីផលវិបាកនៃគ្រឿងញៀន។
ការលើកឡើងដោយសង្កត់ធ្ងន់ ពីបញ្ហាទាំងអស់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការ ដោយមានការចូលរួមពី កងរាជអាវុធហត្ថជិត១០០នាក់ មកពី មេបញ្ជាការរង សេនាធិការដ្ឋាន មន្ទីរទាំង៥ មេបញ្ជការក្រុង-ស្រុក ស្នាក់ការសន្តិសុខ។
ក្រៅពីបញ្ហានេះ លោកមេបញ្ជាការ បានឲ្យដឹងទៀតថា បង្កើនការត្រួតពិនិត្យអាវុធជាតិផ្ទុះ វិន័យសណ្តាប់ធ្នាប់កងទ័ព ទប់ស្កាត់ការប្រើប្រាស់អាវុធ និងខោអាវកម្លាំងខុសច្បាប់ ប្រមូលផ្តុំកម្លាំងជាប្រចាំរួមទាំង មធ្យោបាយ សម្ភារៈឧបករណ៍ ដើម្បីធ្វើអន្តរាគមន៍ ទប់ស្កាត់ការបង្កចលាចលសង្គមគ្រប់រូបភាព ជាពិសេសត្រៀមជាស្រេច ការជួយសង្គ្រោះនៅគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុនានាឲ្យបានដាច់ខាត៕