(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ (៤ឆ្នាំ) ក្រសួងការងារ បានបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកូនជាង ដល់កម្មករនិយោជិត សិក្ខាកាម សិស្ស និស្សិត សរុបចំនួនប្រមាណ៣១ម៉ឺននាក់។

ការបញ្ជាក់យ៉ាងដូ​ច្នោះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ពេជ សោភ័ន អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការផ្តល់ធាតុចូលទៅក្នុងរបាយការណ៍ វាយតម្លៃលើ ប្រព័ន្ធហ្វឹកហ្វឺនកូនជាង និងកម្មសិក្សានៅកម្ពុជា» ដែលរៀបចំធ្វើឡើងដោយក្រសួងការងារ និងអង្គការពលកម្មអន្តរជាតិខាងការងារ (អាយឡូ) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ផងដែរថា បច្ចុប្បន្នមានក្រសួងស្ថាប័នរដ្ឋចំនួន១២អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនមួយចំនួន កំពុងផ្ដល់កម្មវិធីអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមានគ្រឹះស្ថានសិក្សា និងសាលាវិជ្ជាសរុបចំនួន៣២៥។

លោកបណ្ឌិត បន្ដថា «ក្នុងនោះមា​នគ្រឹះស្ថានក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន១១៣ ដែលមានគ្រឹះស្ថានសាធារណៈចំនួន៣៩ ក្នុងនោះគ្រឹះស្ថានសាធារណៈ ចំនួន១២ បានទទួលវិញ្ញាបនបត្រ ISO 9001:2008 និង ISO 9001:2015 ហើយចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ បានបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកូនជាងដល់កម្មករនិយោជិត សិក្ខាកាម សិស្ស និស្សិត សរុបចំនួនប្រមាណ៣១ម៉ឺននាក់»

សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ មានគោលបំណង ចំនួន៤រួមមាន៖

ទី១៖ ដើ​ម្បីបង្ហាញរបាយការណ៍ វាយតម្លៃលើប្រព័ន្ធហ្វឹកហ្វឺនកូនជាង និងប្រព័ន្ធកម្មសិក្សានៅកម្ពុជា
ទី២៖ បង្ហាញពីការអនុវត្ដន៍ល្អប្រព័ន្ធហ្វឹកហ្វឺនកូនជាង និងប្រព័ន្ធកម្ម សិក្សានៅប្រទេស ក្នុងអាស៊ានមួយចំនួន ជាពិសេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី
ទី៣៖ ពិភាក្សារបាយការណ៍វាយតម្លៃ លើប្រព័ន្ធហ្វឹកហ្វឺនកូនជាង និងប្រព័ន្ធកម្មសិក្សានៅកម្ពុជា
ទី៤៖ ផ្ដល់អនុសាសន៍សម្រាប់ធ្វើឲ្យប្រព័ន្ធហ្វឹកហ្វឺនកូនជាង និងប្រព័ន្ធកម្មសិក្សានៅកម្ពុជា កាន់តែមានភាពប្រសើរឡើង។

ថ្លែងប្រាប់ក្រុមអ្នកយកសារព័ត៌មាន នៅក្រោយពិធីបើកសិក្ខាសាលានេះ លោកបណ្ឌិត ពេជ សោភ័ន បានឲ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលដៅមួយ ធ្វើឲ្យប្រសើរឡើងនូវយន្តការ ដែលមានចែងនៅក្នុងច្បាប់ស្តីពី ការងារ ដែលតម្រូវឲ្យរោងចក្រសហគ្រាស ដែលមានពលករ កម្មករ និយោជិត ចាប់ពី៦០នាក់ ត្រូវអនុវត្តន៍ កាតកិច្ចមួយគឺការហ្វឹកហ្វឺនកូនជាង។

លោកបណ្ឌិត បន្ដទៀតថា ការហ្វឹកហ្វឺនកូនជាងនេះ មិនមែនមានតែកម្ពុជាទេ គឺមាននៅបរទេសក៏មានដែរ ដើម្បីកែលម្អរធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពការងាររបស់ពលកររបស់ និយោជិត របស់កម្មករ ហើយដែលយើងមានចែងក្នុងច្បាប់ការងារ ដែលការអនុវត្តន៍នៅមានជួបនៅបញ្ហាមួយចំនួនដែលពិនិត្យ និងកែលម្អធ្វើឲ្យប្រសើរឡើងនូវយន្តការ។

លោកស្រី ខុនសេបសិន សាដាណា (Concepcion Sardana) ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ ពលកម្មអន្តរជាតិខាងការងារ (អាយឡូ) បានលើកឡើងថា ការអភិវឌ្ឍន៍ ជំនាញ គឺមានសារៈសំខាន់ក្នុងការ កសាងជាមួយការងារសមរម្យ ស្របពេលដែលប្រទេសកម្ពុជា មានការរីកចម្រើនច្រើនលើវិស័យឧស្សាហកម្ម។

លោកស្រី បានបន្ថែមទៀតថា សហគ្រាសដែលបានផ្តល់វគ្គណែនាំ ពីការងារដល់កម្មករនិយោជិតរួចរាល់ ហើយកំពុងរៀបចងក្រងឯកសារ ដើម្បីបំពេញតាមតម្រូវការច្បាប់ ប៉ុន្តែកត់សម្គាល់ថា ឯកសារដែលបំពេញ នោះតិចជាងការបំពេញបែបបទ ដើម្បីស្របតាមច្បាប់ការងារ៕