(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា កម្លាំងនគរបាលជំនាញផ្នែកបច្ចេកវិទ្យារបស់លោក បាននិងកំពុងសុំកិច្ចសហការជាមួយសមត្ថកិច្ចនៅក្រៅប្រទេស (ប៉ូលិសអន្តរជាតិ) តាមស្វែងរកក្រុម Hacker ដែលបានចូលទៅ Hack ក្នុង Facebook Page Fresh News ហើយយកទៅបង្ហោះព័ត៌មានបំពុលពាក់ព័ន្ធទៅនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងជាពិសេសនោះ គឺប៉ះពាល់ដល់សន្តិសុខជាតិ ទាំងមូលតែម្តង។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្តឹងពីបណ្ដាញសារព័ត៌មាន Fresh News រួចហើយ និងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយសុំសហការពីសមត្ថកិច្ចនៅក្រៅប្រទេស តាមរកមុខក្រុម Hacker ទាំងនោះដើម្បីកំណត់មុខសញ្ញា ឈានដល់ចាប់ខ្លួនក្រុមជនបំផ្លាញសន្តិសុខជាតិរបស់កម្ពុជានេះ។
ការបង្ហោះខ្លឹមសារ ពីក្រុមអនាមិកនៅក្រៅប្រទេសខាងលើនេះ គឺជាចេតនាក្នុងគោលបំណង និងមានចរឹកវិទ្ធង្សនា ជាពិសេសនោះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ យ៉ាងធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងឲ្យបាននោះឡើយ។
លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្ដាញសារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយពីក្រុមការងារបច្ចេកទេសរបស់យើង ធ្វើការយ៉ាងញាប់ដៃញាប់ជើង ជាលទ្ធផលយើងអាចគ្រប់គ្រង Facebook Page Fresh News និង Fresh News TV បានមកវិញហើយដោយជោគជ័យ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមលោក លឹម ជាវុត្ថា ក្រុម Hacker ដែលចូលវាយលុក Facebook Page របស់ Fresh News មានប្រភពចេញពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ហើយក្រុមចោរបច្ចេកទេសទំាំងនេះ បានចូលវាយលុយតាមរយៈ Facebook Account របស់បុគ្គលិក Fresh News មួយចំនួន៕