(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសចំនួន១០០០នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ព្រះពុទ្ធសាសនានៅកម្ពុជា បានផ្សាភ្ជាប់ និងសង្គម។ ក្រសួងធម្មការបានបណ្តុះបណ្តាលអាចារ្យ អាចារិនី ឲ្យប្រកាន់ភ្ជាប់នូវសីលធម៌វប្បធម៌ ប្រពៃណី ដើម្បីមានសមត្ថភាព ធ្វើជាអាចារ្យ អាចារិនី ឲ្យស្របទៅតាមក្បួន ច្បាប់តាមតំបន់នីមួយៗនៅទៅទាំងប្រទេស។ កន្លងមកក្រសួងបានបណ្តុះ បណ្តាល២៦វគ្គស្មើនិងចំនួន៨៩៨៤អង្គនាក់ ដើម្បីទទួលបានចំណេះដឹង សម្រាប់យកទៅប្រតិបត្តិបន្ត។ តែទោះបីជាយ៉ាងណា ក្រសួងធម្មការ នៅតែបន្តបើកវគ្គបណ្តុះ បណ្តាលអាចារ្យអាចារិនី ដើម្បីស្របទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទាំងប្រទេស។
នាឱកាសនោះដែរលោកស្រី ម៉ែន សំអន បានថ្លែងថា ការលើកស្ទួយវប្បធម៌ តាមរយៈការបណ្តុះបណ្តាលអាចារ្យ អាចារិនី ដើម្បីពង្រឹងវប្បធម៌ប្រពៃណីខ្មែរ ឲ្យមានគោលដៅតែមួយទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន កន្លងមកតែងតែអោយតម្លៃខ្លាំងណាស់ ក្នុងពង្រឹងសមត្ថភាពដល់អាចារ្យ អាចារិនី ដើម្បីពង្រឹងទំនៀមទំលាប់ រក្សាប្រពៃណីខ្មែរឲ្យបានគង់វង្ស និងបណ្តុះ បណ្តាលក្រមសីលធម៌អាចារ្យ អាចារិនី។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកឲ្យ ដែលមានបង្កប់នូវមេត្តា ករុណា មុតិតា ដែលបានធ្វើឲ្យកម្ពុជា មានវប្បធម៌រ៉ុងរឿងរហូតមក លើកលែងដែរសម័យប៉ុលពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាល ទៅវិញ។
លោកស្រី ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា តួនាទីអាចារ្យ អាចារិនី មានសារសំខាន់ណាស់ នៅសម័យតេជោសែន ដែលបានថែរក្សាសន្តិភាព ស្ថេរភាព និងមានការរូកចំរើនគ្រប់វិស័យ។ វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិមានការរីកចំរើនយ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋមានសេរីភាពប្រតិបត្តិជំនឿសាសនា ដែលពេញចិត្ត។ កម្ពុជា គឺជាប្រទេសមានវប្បធម៌អរិយធម៌សំបូរបែប ក្នុងអាស៊ី ហើយបានបង្កប់នូវអត្ថន័យនិងការអប់រំយ៉ាងជ្រាលជ្រៅ ដូច្នេះចាំបាច់ត្រូវការអ្នកចេះដឹង គឺអាចារ្យជាអ្នកដឹកនាំពិធីសាសនានីមួយៗ ស្រប តាមក្បួនច្បាប់បូរាណ ហើយស្របគ្នាពីតំបន់មួយទៅតំបន់មួយទៀត។
ជាមួយគ្នានោះ លោកស្រី បានស្នើដល់ អាចារ្យ អាចារិនី រួមចំណែកថែរក្សាអត្តសញ្ញាណខ្មែរឲ្យបានគង់វង្សនូវសាសនា ប្រពៃណី ទំនៀមទំលាប់ និងការ អភិវឌ្ឍន៏គ្រប់វិស័យតាមរយៈការបណ្តុះ បណ្តាលសមត្ថភាពអាចារ្យ អាចារិនី ទៅទូទាំងប្រទេសដែលអនុវត្តការងារដោយ ក្រសួងធម្មការនិងសាសនារួមចំណែកអប់រំសីលធម៌ដល់យុវជន កុមារ និងប្រជាជនទាំងអស់មានសីលធម៌ សុជីវធម៌ល្អ ប្រឆាំងការរើសអើងផ្នែកសាសនា។
លោកស្រីថ្លែងថា នេះគឺជាជួបជុំប្រចាំឆ្នាំ របស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បី លើកកម្ពស់សមត្ថភាពយល់ដឹងអំពី ក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោល ដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹង លើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែម ដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួល បានការបណ្តុះបណ្តាលពី សមាគមអាចារ្យខ្មែរ។
ជាមួយគ្នានេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់អាចារ្យ អាចារិនី ត្រូវយកចិត្តទុកដាក់ និងគោរពប្រតិបត្តិ ទៅតាមទំនៀមទម្លាប់ និងជំនឿនៅតាមតំបន់មួយចំនួន ដែលប្រជាពលរដ្ឋ និងគ្រួសារខ្មែរនៅប្រតិបត្តិតាមនៅឡើយ ជាពិសេសមិនត្រូវចាប់បង្ខំគេ ឲ្យគោរពតាមខ្លួន ទាំងស្រុងនោះទេ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកទឹកចិត្ត និងជំរុញដល់អាចារ្យ- អាចារិនី ខិតខំយកចិត្តទុកដាក់ថត និងចងក្រងឯកសារ គម្ពីរទាំងឡាយទាក់ទងនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរក្សាទុកសម្រាប់ ក្មេងជំនាន់ក្រោយក៏ដូចជា សម្រាប់ជាកេរ្តិ៍ដំណែល និងជាមរតក ជាតិ និងសម្រាប់ផ្សព្វផ្សាយ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ទៀតថា សាសនាជាមូលដ្ឋានគ្រឹៈ នៃសន្តិភាព មិនថាប្រទេសតូចឬ ប្រទេសធំនោះទេដើម្បីសុខដុមនីយកម្ម៕