(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ តំណាងរាជរដ្ឋាភិបាលកម្ពជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមសម្ភោធការិយាល័យកុងស៊ុលនៅ ខេត្តសៀមរាប-អង្គរ របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅសាលប្រជុំអូតែលសុខា ខេត្តសៀមរាប។
ក្នុងនាមរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី សូមថ្លែងនូវអំណរគុណ និងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់នូវការគាំទ្រដល់កិច្ចការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យទេសចរណ៍នៅកម្ពុជា។ ជាក់ស្តែងគម្រោងផ្លូវមួយ-ខ្សែក្រវាត់មួយ (One Belt One Road Initiative) ក្រោមទស្សនវិស័យដ៏វែងឆ្ងាយរបស់ លោកប្រធានាធិបតី ស៊ី ជីនពីន (Xi Jinping) គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញ ឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងសាកលភាវូនីយកម្មក្នុងពិភពលោក កាន់តែខ្លាំងក្លា និងល្អប្រសើរឡើង។ គម្រោងនេះនឹងនាំមកនូវសមាហរណកម្មសេដ្ឋកិច្ច នៃអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈការតភ្ជាប់ នៃទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា «ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន តាមរយៈគម្រោងផ្លូវមួយ-ខ្សែក្រវាត់មួយ ប្រទេសមហាមិត្តចិនបាន និងកំពង់សាងសង់កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិនៅស្រុកបុទុមសាគរ នៃខេត្តកោះកុង និងនាពេលអនាគត មានគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះដ៏ធំមួយ នៅខេត្តសៀមរាប-អង្គរ និងផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងគម្រោងសម្រាប់គាំទ្រដល់វិស័យហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា៖ ស្តារ និងសាងសង់ស្ពាន និងផ្លូវ ព្រមទាំងបានចូលរួមគាំទ្រដល់វិស័យផ្សេងៗទៀត។ល។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី ក៏ជម្រាបជូនដល់ភ្ញៀវជាតិ និងអន្តរជាតិថា កម្ពុជា ជាងបីទសវត្សរ៍កន្លងមកនេះ ក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលមកវិញហើយនូវសន្តិភាពពេញលេញ សុខក្សេមក្សាន្ត ស្ថេរភាព ឯករាជ្យ ឯកភាពជាតិ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
បច្ចុប្បន្ននេះ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានចាត់ទុកជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី (New Asia’s Tiger Economy) ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរង្វង់ ៧.៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ សមិទ្ធផលដ៏វិសេសវិសាលដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តខ្មែរកន្លងមក ជាពិសេសបានមកពីការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ការពលីសាច់ស្រស់ឈាមស្រស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលក្នុងមួយជីវិតរបស់ សម្តេចជាបុរសរដ្ឋ លោកតែងតែគិត និងដាក់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងជាចំបង។
ប៉ុន្តែផ្ទុយទៅវិញ ហើយវាជាការសោកស្តាយណាស់ជាមួយ នឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការពង្រឹងនូវសន្តិភាព សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍ ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ពួកគេតែងតែមានបំណងអាក្រក់ចំពោះកម្ពុជា ដូចជាការបង្កញុះញង់ឲ្យមានអស្ថេរភាព អសន្តិសុខ ការបំបែកបំបាក់ កុលយុគនៅក្នុងសង្គម តាមរយៈការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ហើយពួកគេមិនចង់អោយមានការរីកចំរើនលូតលាស់នោះទេ ជាក់ស្តែង ពួកគេបានទទួចស្នើឲ្យបណ្តាប្រទេសមួយចំនួន ដាក់ទណ្ឌកម្ម និងដាក់លក្ខខណ្ឌលើទីផ្សារនាំចេញផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏ឧឡារឹកនេះ លោកទេសរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងនូវអំណរអរគុណ និង កតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃមហាមិត្តចិន ដែលស្រឡាញ់សន្តិភាព យុត្តិធម៌ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដែលថ្មីៗនេះតាមរយៈ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេស រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ចេញនូវគោលជំហរយ៉ាងម៉ឺងម៉ាត់គាំទ្រនូវគោលនយោបាយ និងវិធានការណ៍ត្រឹមត្រូវស្របច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី អនុវត្តចំពោះអតីតថ្នាក់ដឹកនាំ និងអតីតគណបក្សប្រឆាំង៕