(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺនៅសល់តែរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ ពោលគឺត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ដោយប្រកាសឱ្យម្ចាស់យានយន្ដទាំងអស់ ដែលមិនទាន់ទៅបំពេញកាតព្វកិច្ចបង់ពន្ធលើធម្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៧ ប្រញាប់រួសរាន់ទៅបង់ពន្ធឲ្យទាន់ពេលវេលា ជៀងវាងរងការផាកពិន័យទ្វេដង។

អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា រយៈពេលកន្លងមកនេះ មានម្ចាស់យានយន្ដភាគច្រើន បានមកបង់ពន្ធរួចរាល់ហើយ តែម្ចាស់យានយន្ដ មួយចំនួនទៀតមិនទាន់បានមកបង់ពន្ធនៅឡើយ។ ដើម្បីជៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅជិតថ្ងៃផុតកំណត់ ដែលអាចនាំទៅដល់បាតុភាព អសកម្ម ដោយប្រការណាមួយអគ្គនាយកដ្ឋាន សូមក្រើនរំលឹកជាថ្មី ដល់ម្ចាស់យានយន្ដ សូមឲ្យរួសរានមកបង់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹង ត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធ៕