(ភ្នំពេញ)៖ គិតត្រឹមម៉ោង៩៖០០យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាពេលវេលាការបិទឱកាសនៃចុះចូលមកកាន់គណបក្សប្រជាជនកម្ពុជា ពីសំណាក់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ក្នុងការរក្សាតួនាទីដដែល ប៉ុន្តែចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ ការចុះចូលនៅតែនៅបន្ត គ្រាន់តែមិនទទួលបានតួនាទីដដែលតែប៉ុណ្ណោះ។
អភិបាលរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ដ៏ធំមួយនៅកម្ពុជាឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាពេលវេលាកំណត់ចុងក្រោយនេះថា អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិសរុបចំនួន ២,៦៥៦នាក់ហើយ ស្មើនឹងប្រមាណ៥៣% នៃសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មេឃុំ ចៅសង្កាត់, ជំទប់ទី១ ជំទប់ទី២, សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច មុននឹងក្រោយគណបក្សសង្រ្គោះជាតិ ដែលត្រូវបានកាត់រំលាយដោយតុលាការកំពូលរបស់កម្ពុជា។
ការចុះចូលរបស់អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានអភិបាលរាជធានី-ខេត្តទូទាំងប្រទេស បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រួមមានតំណាងរាស្ដ្រ, សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មេឃុំ ចៅសង្កាត់, ជំទប់ទី១ ជំទប់ទី២, សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ និងបេក្ខជនបម្រុង សរុបចំនួន ២,៦៥៦នាក់។
អភិបាលរាជធានី-ខេត្តទូទាំងប្រទេស បានបញ្ជាក់បន្ថែមទៀតថា ការកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់នៃការចុះចូលនេះ កើតឡើងរយៈពេល២-៣ថ្ងៃចុងក្រោយនេះតែម្ដង។
ខាងក្រោមនេះ ចំនួននៃអតីតមន្ដ្រីរបស់គណបក្សសង្គ្រោះជាតិ តាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គិតត្រឹមម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៖
១៖ ខេត្តបន្ទាយមានជ័យ ចំនួន១៤៥នាក់
២៖ ខេត្តបាត់ដំបង ចំនួន១៦០នាក់
៣៖ ខេត្តកំពង់ចាម ចំនួន១៩០នាក់
៤៖ ខេត្តកំពង់ឆ្នាំង ចំនួន១០៩នាក់
៥៖ ខេត្តកំពង់ស្ពឺ ចំនួន១៣៦នាក់
៦៖ ខេត្តកំពង់ធំ ចំនួន២០២នាក់
៧៖ ខេត្តកំពត ចំនួន២៥២នាក់
៨៖ ខេត្តកណ្ដាល ចំនួន១៨១នាក់
៩៖ ខេត្តកោះកុង ចំនួន៥៥នាក់
១០៖ ខេត្តក្រចេះ ចំនួន៣៨នាក់
១១៖ ខេត្តមណ្ឌលគិរី ចំនួន១៥នាក់
១២៖ រាជធានីភ្នំពេញ ចំនួន១៧៨នាក់
១៣៖ ខេត្តព្រះវិហារ ចំនួន៥៣នាក់
១៤៖ ខេត្តព្រៃវែង ចំនួន១៨០នាក់
១៥៖ ខេត្តពោធិ៍សាត់ ចំនួន៩៨នាក់
១៦៖ ខេត្តរតនគិរី ចំនួន៩នាក់
១៧៖ ខេត្តសៀមរាប ចំនួន១០៤នាក់
១៨៖ ខេត្តព្រះសីហនុ ចំនួន៦៣នាក់
១៩៖ ខេត្តស្ទឹងត្រែង ចំនួន៣៧នាក់
២០៖ ខេត្តស្វាយរៀង ចំនួន១២០នាក់
២១៖ ខេត្តតាកែវ ចំនួន១៥០នាក់
២២៖ ខេត្តកែប ចំនួន៥នាក់
២៣៖ ខេត្តប៉ៃលិន ចំនួន២២នាក់
២៤៖ ខេត្តឧត្តរមានជ័យ ចំនួន៤៦នាក់
២៥៖ ខេត្តត្បូងឃ្មុំ ចំនួន១០៨នាក់៕