(ភ្នំពេញ)៖ យោងតាមការអញ្ជើញរបស់សភាសម្ព័ន្ឋសហជីពជាតិ កម្ពុជា-NACC នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលការងារចិន ដើម្បីសហប្រតិបត្តិការអន្តរជាតិ-CWCIE បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព ផ្កាស់ប្តូរបទពិសោធន៏ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសពិភាក្សាទៅលើគំរោងមួយចំនួន ដែលស្នើឡើងដោយភាគីសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។
នៅក្នុងជំនួបទ្វេភាគីនៅទីស្នាក់ការកណ្តាល សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា នៅរសៀលថ្ងៃនេះ ភាគីចិនបានឯកភាពជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់សហជីពកម្ពុជា ផ្តល់វគ្គសិក្សារយៈពេលខ្លី និង អញ្ជើញសមាជិកក្រុមប្រឹក្សាភិបាល NACC ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិននាពាក់កណ្តាលឆ្នាំក្រោយនេះ។ គំរោងផ្សេងៗទៀត ភាគីទាំង២ នឹងពិភាក្សាលំអិតនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនេះ ភាគីចិន នឹងមានគំរោងចូលជួបសំដែងការ និងពិភាក្សាការងារជាមួយរដ្ឋរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកប្រធានវេទិកាសម្ព័ន្ឋសង្គមស៊ីវិលផងដែរ៕