(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ឲ្យស្ថិតនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឲ្យប្រទេសកាន់តែមានការអភិវឌ្ឍន៍រីកចំរើន និងប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា។
ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ ក្នុងវត្តទ្រីសទ្ធារ៉ាមហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែរពីរ ស្រុកឆែប នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ប្រទេសមួយដែលមានការអភិវឌ្ឍន៍រីកចំរើន លុះត្រាតែក្នុងប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍន៍រីកចំរើនដែរ។ ដូច្នេះសុខសន្តិភាពជាកត្តាចំបង ក្នុងការអភិវឌ្ឍន៍ប្រទេស ហើយលោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជាយើងឲ្យនៅស្ថិតស្ថេរគង់វង់យូរអង្វែង ដោយមិនត្រូវទៅចូលរួមក្នុងចលនាប្រមូលផ្តុំផ្សេងៗ ទៀមទាប្រឆាំងធ្វើឲ្យកើតមាននូវបញ្ហាអសន្តិសុខ ក្នុងប្រទេសនោះទេ។
ក្នុងនោះលោក អ៊ុន ចាន់ដា បានលើកឡើងទៀតថា ពីការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្សសម្បថដែលបានស្បថមុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆត្រ័ និងមុខព្រះភក្រ័ព្រះសង្ឃទាំងពីរគណៈ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះស្របពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកមានទឹកចិត្តសណ្តោសដល់បងប្អូន ដែលមានឆន្ទះចង់បំរើប្រជាពលរដ្ឋពិតប្រាកដ អាចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយឱសាន្តវាទ នៃការទទួលនិងបញ្ចប់ត្រឹមម៉ោង០៩យប់នេះ។
លោកសូមអំពាវនាវដល់សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់របស់អតីតបក្សសង្រ្គោះជាតិ សូមចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាបំរើប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះឱកាសមានក្នុងថ្ងៃនេះ រហូតដល់ម៉ោង០៩យប់នេះ។
ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប រួមនិងក្រុមគ្រួសារ ក្រុមការងារក៏ដូចជា ពុទ្ធិបរិសទ័ជិតឆ្ងាយផ្តួចផ្តើមសាងសង់សាលាឆាន់នេះឡើង ដើម្បីទុកបំរើលើវិសយ័ព្រះពុទ្ធសាសនា និងដើម្បីទុកបំរើផលប្រយោជន៍ប្រជាពលរដ្ឋនៅទីនេះ។
លោក សំ លាងទ្រី បានឲ្យដឹងថា សាលាឆាន់វត្តទ្រីសុទ្ធារ៉ាមនេះ គឺមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយអគារសាលាឆាន់ដែលកំពុងសាងសង់នេះមានទំហ៊ំ១២ម៉ែត្រ គុណនិង២៤ម៉ែត្រ ស្មើនិង២៨៨ម៉ែត្រក្រឡា ស្ថិតនៅក្នុងវត្តដែលមានផ្ទៃដីបណ្តោយ២០០មគុណ២០៥ម៉ែត្រ សាងសង់ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់ការសាងសង់នៅខែឧសភាឆ្នាំ២០១៨ ហើយចំណាយថវិកាសាងសង់អស់ថវិកា២២០លានរៀល ស្មើនិង៥៥០០០ដុល្លារ ក្នុងនោះមានការចូលរួមថវិការពីសប្បុរសជនបានជាង១០លានរៀលហើយ។
ជាមួយគ្នានេះលោក អ៊ុន ចាន់ដា បានឧបត្ថម្ភការ៉ូថ្មម៉ាបចំនួន១០០ការ៉េសំរាប់ក្រាល ហើយក្នុងពិធីនោះក៍មានការចែកនូវអំណោយដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕