(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះពិនិត្យដំណើរការរបស់មន្ត្រីនគរបាល ក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងការពិនិត្យ និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជាជនបរទេស ដែលកំពុងកាន់កាប់ និងប្រើប្រាស់សព្វថ្ងៃ។
ការចុះពិនិត្យ ដោយយោងអនុក្រឹត្រ លេខ១២៩ អនក្រ ប្រក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជាជនបរទេស ដែលកំពុងកាន់កាប់និងប្រើប្រាស់ ដោយមានការចូលរួមពីឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការនគបាលខេត្តកំពង់ឆ្នាំង លោក ប៉ាល់ សូត្រ ស្នងការរងទទួលបន្ទុកគ្រប់គ្រងជនបរទេស និងលោក ប៉ាន់ ឡៃឃាង នាយការិយាល័យគ្រប់គ្រងជនបរទេសខេត្ត។
ក្នុងការចុះពិនត្យនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានថ្លែងទៅកាន់ជនជាតិវៀតណាម ដែលបានយកឯកសារមកឲ្យមន្ត្រីនគរបាលធ្វើការត្រួតពិនិត្យនោះថា ការត្រូតពិនត្យ និងការដកហូត ឯកសាររដ្ឋបាលកម្ពុជា មួយចំនួនដែលមានភាពមិនប្រក្រតី (ជាជនបរទេស) ដែលកំពុងកាន់កាប់ និងប្រើប្រាស់នោះ គឺធ្វើទូទាំងប្រទេស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជនបទេសទាំងអស់ ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា។
លោក ប៉ាល់ សូត្រ បានបញ្ជាក់ថា ការអនុវត្តន៍ចំពោះជនបទេស ដែលមានឯកសារមិនប្រក្រតី មានដូចជា (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ណាញប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត សេចក្តីចំឡងសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតឆ្លងដែន) ឯកសារទាំងនេះ និងត្រូវដកហូត បន្ទាប់មកបានឲ្យដាក់ពាក្យសុំជាជនអន្តោប្រវេសន៍ និងបំពេញបែបបទមួយចំនួនថែមទៀត ដើម្បីបានក្លាយជាជនអន្តោប្រទេសន៍ស្របច្បាប់របស់ប្រទេសកម្ពុជា។ ក្រោយពីក្លាយជាជនអន្តោប្រទេសន៍ស្របច្បាប់របស់ប្រទេសកម្ពុជាហើយ អ្នកទាំងនោះត្រូវបង់អាករ រយៈពេល០៧ឆ្នាំ បន្ទាប់មកទើបអាចដាក់ពាក្យសុំចូលសញ្ជាត្តិកម្ពុជា។
លោក ប៉ាន់ ឡៃឃាង នាយការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ សម្រាប់ខេត្តកំពង់ឆ្នាំង មានជនជាតិវៀតណាមចំនួន២៣៩៣គ្រួសារ ស្មើនិង១០០៨៧នាក់ ក្នុងរយៈពេល០៤ថ្ងៃនេះគឺពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដកហូតឯកសារមិនប្រកក្រតីចំនួន១៧៣៣ច្បាប់ ក្នុងនោះមាន(សៀវភៅក៤ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ណាញប័ណ្ណសញ្ជាតិខ្មែរ)៕