(ភ្នំពេញ)៖ បុគ្គលឆ្នើម៦រូប ចាប់ដៃគ្នាបង្កើតកម្មវិធី «ភ្នំពេញស្អាត» ផ្តោតលើផ្នែកបរិស្ថាន ទីក្រុងស្អាត ក្រោមពាក្យស្លោក «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
សហស្ថាបនិកចំនួន០៦រូប រួមមាន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោក ជី សិលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sabay Group លោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Emerald Plus លោកស្រី ហេង ធីតា នាយកផ្នែកសេវាកម្មហិរញ្ញាវត្ថុ បុគ្គលិកនៃធនាគារ CIMB Cambodia PLC លោក ហៃ ភិរម្យ នាយកផ្នែកយុទ្ធសាស្រ្តជំនួញប្រចាំប្រទេសក្នុងតំបន់មេគង្គនៃក្រុមហ៊ុន Bosch និងលោកស្រី ទេព កូលាប នាយិកាសកលវិទ្យាល័យអន្តរជាតិភ្នំពេញ(PPIU)។
កម្មវិធី «ភ្នំពេញស្អាត» ជាយុទ្ធនាការផ្នែកបរិស្ថាន ទីក្រុងស្អាត និងជាសកម្មភាពបន្ថែម ដែលរាជរដ្ឋាភិបាលមានស្រាប់ បានប្រារព្ធទិវាស្អាត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង២រសៀល ដល់ម៉ោង ៥ល្ងាច អមជាមួយការប្រគុំតន្រ្តី ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់។
យុទ្ធនាការភ្នំពេញស្អាត មានរៀបចំគម្រោង និងកម្មវិធីជាច្រើន សម្រាប់បញ្រ្ជាបការអប់រំអំពីភ្នំពេញស្អាត ដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិត ជាច្រើនតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដូចជាវិទ្យាល័យមួយចំនួនដូចជា វិទ្យាល័យចតុមុខ វិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យបាក់ទុក និងសន្ធរម៉ុក ចំណែកខាងឯកជនវិញ មានដូចជា សាលាប៊ែលធី សាលាវេសស្ទឺន សាលាអន្តរជាតិអាស៊ាន និងសាលាវ៉េស្ទឡាញជាដើម។ តាមរយៈការចុះអប់រំផ្ទាល់ដោយក្រុមយុវជនសុឆន្ទ:ស្អាត និងតាមប្រព័ន្ធផ្សព្វ្សាយដូចជា កាសែតទូរទស្សន៍ វិទ្យុ ព្រមទាំងបានបញ្ចូលយុទ្ធនាការលើប្រព័ន្ធបណ្តាញសង្គម បានជំរុញឲ្យអ្នកប្រើប្រាស់ ចែករំលែក ពីការស្អាតរបស់ខ្លួនទៅមិត្តភក្តិ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងជាស្ថាបនិកគម្រោងភ្នំពេញស្អាត បានលើកឡើងថា «ស្អាត» គឺជាដំណោះស្រាយ ហើយយុទ្ធនាការស្អាត និងជះឥទ្ធិពលជាវិជ្ជមានមួយ ប្រកបដោយនិរន្តរភាពយូរអង្វែង ដើម្បីបង្កើតជាគំរូ ទៅដល់យុវជនជំនាន់ក្រោយ ព្រមទាំងជំរុញ ការគិតវិជ្ជមាន ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ដែលសង្គមតាងមូលកំពុងតែជួបប្រទះ។
លោក ហ៊ុន ម៉ានី បានជំរុញលើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជន ឲ្យមានការចូលរួមឲ្យបានផុសផុល ដោយជឿជាក់ថាទាំងអស់គ្នា អាចធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសគ្មានសំរាមពាសវាលពាសកាល។ ប្រធានស.ស.យ.ក រូបនេះ បានបន្ថែមថា ប្រសិនបើយុវជនសុឆន្ទ:ស្អាត អាចធ្វើបាន យើងក៏អាចធ្វើបាន ហើយយើងជឿជាក់ថា ខ្មែរទាំងមូលក៏អាចធ្វើបាន។
ថ្លែងនៅក្នុងពិធីនោះដែរ លោកស្រី ជា សុផល្លា សហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត បានឲ្យដឹងថា «ក្រុមយុវជនសុឆន្ទ:ភ្នំពេញស្អាត» បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ផ្អែកលើការស្ម័គ្រចិត្តទាំងស្រុង ហើយនេះ សបញ្ជាក់ឲ្យឃើញថា ពួកគាត់ មានទឹកចិត្តពិតៗ ហើយនឹងចូលរួមបញ្រ្ជាប ចំណេះដឹង និងសកម្មភាពភ្នំពេញស្អាត ជាមួយ ក្រុមនិស្សិត និងសិស្សានុសិស្សដទៃទៀតជាបន្តបន្ទាប់។ ក្រុមការងារទាំងអស់ សង្ឃឹមថា អ្នករាល់គ្នា មិនថានៅទីណា រឺឋាន: ណាក៏ដោយ ត្រូវបន្តចូលរួម និងធ្វើអ្វីៗដោយចាប់ផ្តើមពីពេលនេះតទៅ។
សហស្ថាបនិកនៃគម្រោងភ្នំពេញស្អាតរូបនេះ បានបន្ថែមឲ្យដឹងថា យុទ្ធនាការនេះ កើតចេញពីទឹកចិត្តពិតៗរបស់ក្រុម និងយុវជនស្ម័គ្រចិត្ត។លោកស្រី សុំអំពាវនាវឲ្យជនរួមជាតិកម្ពុជា ចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីភាពស្រស់ស្អាត របស់ទីក្រុងភ្នំពេញ និងទីកន្លែងផ្សេងៗទៀតនៅប្រទេសកម្ពុជា។
លោកស្រី ជា សុផល្លា រំពឹងថា យុទ្ធនាការនេះ នឹងការរីកសាយភាយ ទៅកាន់បណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា និងកន្លែងទេសចរណ៍ផ្សេងៗទៀត ហើយមិនតែប៉ុណ្ណោះក៏អាចនឹងមានកម្មវិធីមួយចំនួនទៀត ដែលមានការចូលរួមពីសមាគមក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនធំៗផងដែរ៕