(ព្រះសីហនុ)​​៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតបក្ខេជនពេញសិទ្ធិក្រុមប្រឹក្សាខេត្តព្រះសីហនុ និងបេក្ខជនបម្រុងសង្កាត់លេខ១ ក្រុងព្រះសីហនុ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយម្នាក់ទៀត បានប្រកាសចុះចូលជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។

អតីតសមាជិក CNRP ទាំង២រូបគឺលោក ឡេង សេង បេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក សុខ ឌីណា អាយុ២៩ឆ្នាំ អតីតបេក្ខជនបម្រុងសង្កាត់លេខ១។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង២រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង​​​​២រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦​ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕