(ភ្នំពេញ)៖ តំណាងសង្គមស៊ីវីល និងសហគមន៍ការពារព្រៃឡង់ បានថ្លែងគាំទ្រយន្តការដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន ក្នុងការជូនដំណឹងគ្នាទៅវិញទៅមកមុនចុះទៅល្បាតក្នុង ព្រៃឡង់ ដែលពួកគេបានបញ្ជាក់អះអាងថា ការចុះល្បាតព្រៃឡង់ក្នុងតំបន់ព្រៃជ្រៅ ដែលតំបន់ខ្លះចូលព្រៃជ្រៅជាង៥០គ.ម ជាការងារប្រឈមគ្រោះថ្នាក់ និងទាមទារកិច្ចសហការ និងការធ្វើសកម្មភាពរួមគ្នា ក្នុងបុព្វហតុការពារព្រៃឡង់ប្រទេសកម្ពុជា ជាពិសេសខេត្តទាំងបួន រួមមាន កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។
លោក សម សុភក្រ នាយកអង្គការ កែប្រែសម្រាប់សហគមន៍ (AFD) បានថ្លែប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទ ឆ្លើយតបទៅនឹងព័ត៌មានវិទ្យុអាស៊ីសេរី ដែលបានចោទប្រកាន់ដល់ក្រសួងបរិស្ថានថា ការតម្រូវឲ្យស្នើរសុំលិខិតអនុញ្ញាតិដើម្បីល្បាតព្រៃឡង់ ជាការការពារឈ្មួញ.. ត្រូវលោកឆ្លើយតបក្នុងកិច្ចម្ភាសតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែវិច្ឆកា ថា៖ លោក មិនបានដឹងពីព័ត៌មាននេះបានពីណាទេ ហើយលោកក៏មិនបានអានដែរ។ ប៉ុន្តែជារួម លោកបានគាំទ្រដល់កិច្ចផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន ដែលបានជំរុញកិច្ចសហការបន្ថែមលើការល្បាតព្រៃឡង់។ លោកបញ្ជាក់ថា អង្គការលោកធ្វើកិច្ចការនេះជាមួយសហគមន៍ការពារព្រៃឡង់ទាំងអស់ ហើយតាមទស្សនៈផ្ទាល់ខ្លួន លោកយល់ថា វាជាយន្តការល្អនិងបង្កើនប្រសិទ្ធិភាពសហការរវាងក្រសួងបរិដ្ឋាន និងអង្គការ ឬសហគមន៍មូលដ្ឋាន ដែលកំពុងធ្វើកិច្ចការនេះ។ តាមពិត វាបែបបទរដ្ឋាបាល ដែលលោកយល់ស្រប និងឯកភាពទាំងស្រុង ព្រោះយន្តការនេះជំរុញឲ្យមានកិច្ចសហការជាមួយសហគមន៍ អង្គការ និងមន្ត្រីក្រសួង ក្នុងការល្បាតព្រៃកាន់តែប្រសើរ និងមានភាពស្អិតរមួតជាងមុន។
ដោយឡែក លោក អ៊ុ ប៊ុនថន ដែលជាសមាជិក សហគមន៍ការពារព្រៃឡង់ និងជាថ្នាក់ដឹកនាំបណ្តាញជនជាតិភាគតិច ធ្វើការក្នុងតំបន់ព្រៃឡង់ និងជាក្រុមមានឥទ្ធិពលលើការងារការពារព្រៃឈើ បានបញ្ជាក់អះអាងបន្ថែមថា វាជាកិច្ចការចាស់ដែលធ្លាប់បានធ្វើជាមួយគ្នាកន្លងមក មិនមែនជាអ្វីថ្មីនោះទេ ដែលសហគមន៍ត្រូវជូនដំណឹងទៅមន្ត្រីនៃមន្ទីរ និងផ្តល់ដំណឹងគ្នាទៅវិញទៅមកក្នុងគោលបំណង្អ ដើម្បីពង្រីកនិងពង្រឹងកិច្ចសហការល្បាតព្រៃឡង់។ លោកពន្យល់បន្ថែមថា ការងារល្បាតព្រៃឡង់ ជាការងារគ្រោះថ្នាក់បំផុត ព្រោះជាតំបន់ក្នុងព្រៃជ្រៅ ឆ្ងាយពីភ្នែកមនុស្ស និងអ្នកដែលអាចជួយយើងបានក្នុងករណីមានបញ្ហាជាមួយឈ្មួញកាប់ឈើ។
វាទាមទារការតស៊ូ និងលះបង់ ព្រមទាំងការរួមគ្នាធ្វើការ ហេតុដូច្នេះលោកពេញចិត្តចំពោះយន្តការនេះ ព្រោះវាធ្វើអោយលោកកាន់តែមានភាពកក់ក្តៅនៅពេលចុះល្បាត ដែលមានមន្ត្រីសហការចូលរួម។ លោកថា ត្រឹមលោកជាសហគមន៍ ពួកឈ្មួញមិនញញើតលោកទេ គេមានតែរករឿងក្រុមលោកវិញ ដូច្នេះការមាននូវយន្តការរបស់ក្រសួងបរិស្ថាន គឺជាយន្តការជំរុញកិច្ចសហការ ពង្រឹងកម្លាំងល្បាត ហើយលោកមានភាពកក់ក្តៅច្រើនជាងមុន នៅពេលល្បាតដោយមានមន្ត្រីចូលរួមជាមួយគ្នា។
ដោយឡែក លោកឃុន ប៊ុនណាត ជាអ្នកជំនាញព្រៃឈើនៅកម្ពុជា និងជាប្រធានក្រុមទីប្រឹក្សាប្រើប្រាស់ដីធ្លី និងការកសាងអង្គការសហគមន៍មូលដ្ឋាន របស់គម្រោងADB ក៏ទទួលស្គាល់ថា យន្តការផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន គឺលោកមិនបានឮរដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសពីការដាក់គំនាបឲ្យអង្គការ និងសហគមន៍ដោយអោយសុំការអនុញ្ញាតិជាមុនក្នុងការចុះល្បាត ក្នុងកិច្ចប្រជុំកន្លងមករបស់ក្រសួងបរិស្ថាននោះទេ។ លោកបញ្ជាក់តបថា ព្រោះកិច្ចការខ្លះយើងគ្រាន់តែជូនដំណឹងគ្នា និងធ្វើការរួមគ្នា ហើយលោកមិនជឿលើព័ត៌មានដែលថា ក្រសួង ឬមន្ទីរស្នើអោយទៅសុំលិខិតអនុញ្ញាតិមុនពេលចុះល្បាតនោះដែរ។
លោកយល់ថា វាជាការពង្រឹងលើកិច្ចការចាស់ដែលធ្លាប់អនុវត្តជាមួយគ្នាកន្លងមកច្រើនឆ្នាំហើយ ព្រោះការចុះល្បាតតែងជូនដំណឹងគ្នាទៅវិញទៅមក ដើម្បីជៀសវាងនូវបញ្ហានៃហានីភ័យណាមួយ ទាក់ទងសន្តិសុខរបស់ពួកគេក្នុងពេលបំពេញបេសកកម្ម។ ទាំងតំណាងអង្គការ និងសហគមន៍ខាងលើ បានគាំទ្រដែលថា វាជាយន្តការចាស់ដែលអនុវត្តមកច្រើនឆ្នាំ ហើយក្រសួងលើកទឹកចិត្ត និងបន្តជំរុញក្នុងគោលបំណងល្អ ដើម្បីការពារពីការប្រឈមជាមួយឈ្មួញកាប់ឈើ។ ពួកគេបន្តថា ពួកគេបានទទួលស្គាល់កិច្ចខិតខំប្រែងប្រែងកន្លងមករបស់ក្រសួងបរិស្ថាន និងសមិទ្ធិលដែលទទួលបាន ដូចជាការបង្កើតក្រុមល្បាត Ranger ដោយរើសកម្លាំងពីសហគមន៍ និងបន្ថែមកម្លាំងច្រើនជាងមុន ដែលកម្លាំងខ្លះត្រូវបានរើសចេញពីសកម្មជនការពារព្រៃឡង់ ជនបង្គោលរបស់បណ្តាញការពារព្រៃឡង់ និងសមាជិកសកម្មរបស់សហគមន៍ ដែលនេះជាការលើកទឹកចិត្តដ៏ធំធេងដល់សហគមន៍ការពារព្រៃឡង់ឲ្យទទួលបានការងារក្នុងក្របខ័ណ្ឌការងាររដ្ឋ និងអាចបន្តបេសសកម្មការពារព្រៃរបស់ពួកគេបានកាន់តែប្រសើរ។
ទោះជាយ៉ាងណាក៏ដោយ តំណាងអង្គការនិងសហគមន៍ និងអ្នកជំនាញព្រៃឈើបានស្នើសុំបន្ថែមអោយមានការចូលរួមសហការបន្ថែមទៀត និងការចែករំលែកព័ត៌មានគ្នារួម និងការទទួលខុសត្រូវ ព្រោះពួកគេយល់ថា បើយើងមានយន្តការសហការល្អ មន្ត្រីខាងក្រោមអនុវត្តការងារបានកាន់តែប្រសើរ នោះការងារទាំងនេះកាន់តែមានប្រសិទ្ធិភាពកំរិតធំទៀត ព្រោះនិរន្តរភាពសហគមន៍ ទាមទារការគាំទ្រពីរដ្ឋាភិបាល ទាំងបច្ចេកទេស និងថវិកា ជាពិសេសមូលនិធីអភិវឌ្ឍឃុំ សង្កាត់ គួរតែមានកញ្ចប់ថវិការពិសេស ដើម្បីការពារព្រៃ ដែលជាធនធានមានតម្លៃ និងជារតនៈវត្ថុរស់ជាតិខ្មែរ៕