(ភ្នំពេញ)៖ ចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម និងមែកឈើ ៧៤៧នាក់ បានសម្ដែងការរំភើបត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្ដទុក្ខដាក់ គ្រប់ពេលវេលា ទោះក្នុងកាលៈទេសៈណាក៏ដោយ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនដែលទុកពួកគាត់ចោល នោះឡើយ។

ជាក់ស្ដែងនៅព្រឹកនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-សហការី នៃកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល​សួរសុខទុក្ខ និងរៀបចំអាហារ​ ជាលើកទី៦​ ជូនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ និងបុគ្គលិក នៃអង្គការសង្គ្រោះជនអស់សង្ឃឹម និងមណ្ឌលមែកឈើ នៃសមាគមជនឥតទីពឹង សរុបចំនួន៧៤៧នាក់ នៅក្នុងបរិវេណ អង្គការសង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបុគ្គលិក លោកគ្រូ-អ្នកគ្រូ ចាស់ៗ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក និងបុគ្គលិក​អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ដើម្បីជួយដល់កុមារកំព្រា ចាស់ជរា និងគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ឱ្យមានជម្រកស្នាក់នៅដ៏កក់ក្តៅ អាហារហូបចុក សម្លៀកបំពាក់ ការមើលថែ និងផ្តល់ការអប់រំ ដល់កុមារ​រហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ។

លោកស្រីបន្ដថា «ដូច្នេះក្មួយៗ មិនឯកការទេ ទោះជាគ្មានឪពុកម្ដាយ សាច់ញាតិ ព្រោះក្មួយៗ នៅមានការអង្គការ មណ្ឌល និងមានរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ រួមទាំងសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបំពេញសេចក្ដីត្រូវការរបស់ក្មួយៗ ពិសេស រាជរដ្ឋាភិបាល តែងតែគិតគូរ ដោះស្រាយរាល់បញ្ហាលំបាកនានា របស់ប្រជាពលរដ្ឋកម្ពុជា សំខាន់បំផុតនោះ គឺកុមារកំព្រាក្រីក្រ និងប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាព តាមរយៈការជួយទំនុកបំរុងផ្នែកជីវភាព ធ្វើយ៉ាងណាឲ្យការរស់នៅ របស់ពួកគាត់ ទទួលបាននូវភាពល្អប្រសើរ»។

ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ របស់មន្ដ្រីកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើនទៀត រួមទាំងរៀបចំអាហារ​មួយពេលយ៉ាងឆ្ងាញ់ពិសា ផ្ដល់ជូនដល់ចាស់ជរាឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ដែលរស់នៅក្នុងមណ្ឌលទាំងពីរផងដែរ៕