(ព្រះវិហារ)៖ សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតជំទប់ទី២ និងបេក្ខជនបម្រុងនៅខេត្តព្រះវិហារចំនួន៧នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ទើបរលាយ បានសុំចូលរួម រស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យចំនួននៃការចុះចូលកើនឡើងរហូតដល់៥២នាក់។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៧ថ្មីរូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង៧រូប រួមមាន៖
១- លោក ឈុន អូន ជំទប់ទី២ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត
២- លោក ម៉ៅ ចាន់ណា បេក្ខជនលេខរាងទី២ ឃុំកន្ទួត ស្រុកជាំក្សាន្ត
៣- លោក មាស លិន បេក្ខជនលេខរាងទី៣ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប
៤- លោក ថាន់ សេងលី បេក្ខជនលេខរាងទី៦ ឃុំសង្កែ១ ស្រុកឆែប
៥- លោក ជុំ សម្បត្តិ បេក្ខជនលេខរាងទី១៥ ឃុំរតន: ស្រុករវៀង
៦- លោកស្រី ឈឿន ឈៀន បេក្ខជនលេខរាងទី៨ ឃុំរមទម ស្រុករវៀង
៧- លោកស្រី សាន ស្រីង៉ា បេក្ខជនលេខរាងទី៩ ឃុំរមទម ស្រុករវៀង។

ដូច្នេះអតីតមន្រ្តី CNRP ទាំងអស់រួមមាន៖ សមាជិកក្រុមប្រឹក្សាខេត្តម្នាក់, សមាជិកក្រុមប្រឹក្សស្រុកម្នាក់, មេឃុំម្នាក់, ជំទប់ទី១ ចំនួន២នាក់, ជំទប់ទី២ ចំនួន៧នាក់, សមាជិកក្រុមប្រឹក្សាឃុំ១៤នាក់ និងបេក្ខជនមិនជាប់ឆ្នោតថ្នាក់ស្រុក និងឃុំសង្កាត់ចំនួន២៦នាក់។

គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ ទាំង៤៥រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​ដោយសារតែសន្ទុះនៃការសម្រុកចុះចូល បាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាលចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា​ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕