(បាត់ដំបង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយសមត្ឋកិច្ចមូលដ្ឋាន បានចុះទៅផ្សព្វផ្សាយ អប់រំស្ដីពីសុវត្ថិភាព ម្ហូបអាហារនៅសាបឋមសិក្សាភូមិអូរ ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សអាណាព្យាបាលសិស្ស អ្នកលក់នំចំណីនៅក្នុងសាលា ប្រមាណ ៤៣០នាក់។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីបញ្ជៀបចំណេះដឹងដល់មនុស្សគ្រប់រូបឲ្យបានដឹង បានស្គាល់ ពីផលប៉ះពាល់ដល់សុខភាព តាមរយៈចំណីអាហារគ្រប់ប្រភេទ មន្រ្តីជំនាញយើងតែងបានធ្វើការផ្សព្វផ្សាយអប់រំ នៅតាមគោលដៅ និងចុះត្រួតពិនិត្យជាប្រចាំពីសុវត្តិភាពចំណីអាហារ ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្រ្តីជំនាញយើងបានសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន និងអញ្ជើញលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង និងអាណាព្យាបាលសិស្សចំនួន៤៣០នាក់ ចូលរួមស្តាប់ពីចំណេះដឹងទាំងអស់នេះ ដើម្បីបានយល់ដឹងពីផលប៉ះពាល់សុខភាពដល់ពួកគាត់។

លោក ហាក់ សុខរិន បានបញ្ជាក់ថា តាមរយៈនៃការផ្សព្វផ្សាយអប់រំនេះដែរ មន្រ្តីជំនាញយើងបានលើកឡើងនិងបង្ហាញផ្ទាំងរូបភាពជាក់ស្តែង ដោយបានបង្ហាញពីផលប៉ះពាល់សុខភាព ចំពោះអ្នកប្រើប្រាស់ និងឲ្យជួយផ្សព្វផ្សាយបន្តដល់អ្នកអ្នកលក់ទំនិញពាក់ព័ន្ធចំណីអាហារគ្រប់ប្រភេទ កុំលួចលាក់នាំចូល ឬដាក់តាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យអ្នកទិញយកទៅបរិភោគហើយមានការប៉ះពាល់សុខភាពយើងទាំងអស់គ្នា។

លោកប្រធានបានបន្តថា បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយហើយ ក្រុមការងារជំនាញបានបន្តចុះទៅត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សាពេជ្រចិន្ដា ស្ថិតនៅស្រុកភ្នំព្រឹក បន្តទៀត ។ លទ្ធផលគឺបានដកហូត ទំនិញខូចគុណភាពចំរុះប្រមាណជា ៤៥ គីឡូក្រាម យកមករក្សាទុកដើម្បីដុតកំទេចចោលពេលក្រោយ៕