(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រ ជូនជ័យលាភីដល់និស្សិតចំនួន៧៨៦នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម ដែលបានប្រារព្ធធ្វើនៅសាលាខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច លោក មួន វាសនា បានថ្លែងថា បរិញ្ញាបត្រជំនាន់ទី១០ ទី១១ ទី១២ និងបរិញ្ញាបត្ររង ជំនាន់ទី១៣ ទី១៤ និងទី១៥ សារុបនិស្សិតចំនួន ៧៨៦ អង្គ/នាក់ ក្នុងនោះ និស្សិតស្រី មានចំនួន៣៦៥ ដែលបានបញ្ចប់ការសិក្សា ប្រកបដោយជោគជ័យ នៅសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាមនាឱកាសនេះ។

ក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិតដែលបានទទួលសញ្ញាបត្រជ័យលាភីនេះ ជាការបញ្ចាក់នូវលទ្ធផលដ៏ល្អ សក្តិសម និងការខិតខំប្រឹងប្រែង របស់និស្សិតគ្រប់ៗរូប។ ក៏ប៉ុន្តែថ្ងៃនេះ មិនមែនជាថ្ងៃបញ្ចប់ នៃដំណើរជីវិតដ៏វែងរបស់យើងគ្រប់ៗរូបនោះទេ។

ជាមួយគ្នានេះ លោក ក៏សូមអំពាវនាវដល់និស្សិតជ័យលាភីទាំងអស់ ដែលខ្លះជាមន្ត្រីរាជការ បុគ្គលិកការងារ តាមសហគ្រាស ឬតាមបណ្តាអង្គការនានា សូមបន្តការសិក្សា ខិតខំស្រាវជ្រាវបន្ថែមទៀត សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនផង គ្រួសារផង និងសម្រាប់ចូលរួមអភិវឌ្ឍនសង្គមជាតិលើគ្រប់ផ្នែក គ្រប់វិស័យផង។