(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជាគឺ «សាមគ្គីភាព» ហើយអ្នកដែលចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា នឹងត្រូវរលាយខ្លួនឯងជាមិនខាន។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺប្រតិកម្មតបទៅនឹងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដែលទើបនឹងរំលាយចោល ក៏ដូចជាទណ្ឌិត សម រង្ស៊ី ដែលបានលើកឡើងថា ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាកំពុងមានការរង្គោះរង្គើ។

ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «មួយជីវិតរបស់គណបក្សប្រជាជនកម្ពុជាខ្លាំងជាងគេគឺអី? គឺសាមគ្គីភាព។ បើពួកលោកឯងមិនទាន់ច្បាស់ទេ ប្រឹងរៀនសូត្របទពិសោធន៍គណបក្សប្រជាជនកម្ពុជាទៅ គេនៅជាមួយគ្នា គេរស់ជាមួយគ្នា។ កុំតែធ្វើកំហុសព្រហ្មទណ្ឌអាហ្នឹងជួយអត់បានទេ ឧទាហរណ៍ជួញដូរគ្រឿងញៀន ឬទៅកាប់សម្លាប់គេ ប្រព្រឹត្តបទល្មើសពុករលួយ រំលោភលើគេ អាហ្នឹងជួយអត់បានទេ»។

សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអ្នកកាសែតដ៏ល្បីឈ្មោះលោក «Harish C. Mehta» ប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា ក៏បានបញ្ជាក់ដែរថា ចាប់តាំងពីគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺមានពាក្យញុះញង់ជាច្រើនថា គណបក្សនេះបែកបាក់ផ្ទៃក្នុង តែចុងបញ្ចប់ក្រុមអ្នកព្យាយាមបំបែកបំបាក់នោះតែងតែរលាយខ្លួនឯងទៅវិញ៕