(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំឡើងការរប្រកួតបាល់ទាត់មិត្តភាព វគ្គផ្តាច់ព្រ័ត្រលើកទី៣ របស់ខ្លួន ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ ២០១៧ នៅតារាងបាល់ទាត់ Premium Sport Club ក្នុងទីក្រុងភ្នំពេញ។

ក្រុមដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក៏ទទួលបាននូវពានរង្វាន់លើកទឹកចិត្ត ក៏ដូចជាការអបអរសាទរពីអ្នកចូលរួមគាំទ្រ ក្នុងការប្រកួតនេះផងដែរ។ សកម្មភាពកីឡាបាល់ទាត់នេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណង បង្កើនភាពជិតស្និទ្ធ និងសាមគ្គីភាព ក៏ដូចជាលើកកម្ពស់ការថែរក្សាសុខភាព របស់បុគ្គលិកទាំងអស់ក្នុង ក្រុមហ៊ុន មេនូឡាយហ្វ៍ ទាំងមូល។

នាឱកាសមុនពេលបើកការប្រកួត លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឲ្យដឹងថា «សកម្មភាពកីឡាបាល់ទាត់ ដែលយើងកំពុងធ្វើក្នុងថ្ងៃនេះគឺជាបេសកកម្មមួយរបស់យើង ក្នុងការបង្កើនចំនងមិត្តភាព ក៏ដូចជាលើកកកម្ពស់សុខភាពបុគ្គលិកអោយមានភាពរឹងមាំ ក៏ដូចជាជម្រុញឱ្យមហាជនទូទៅ យកចិត្តទុកដាក់ពីសុខភាពរបស់ពួកគេផងដែរ តាមរយៈការលេងកីឡា»

ការប្រកួតបាល់ទាត់មិត្តភាពរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បានរៀបចំឡើងចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥មកម្លេះ ដោយគណៈកម្មការរៀបចំការកម្សាន្ត និងកីឡារបស់ក្រុមហ៊ុនផ្ទាល់។ កម្មវិធីប្រកួតបាល់ទាត់ឆ្នាំនេះ ក៏មានការចូលរួមពីក្រុមបាល់ទាត់ចំនួន១១ក្រុម ដែលមានសមាជិកសរុបចំនួន ១៣១នាក់ សុទ្ធសឹងតែជាបុគ្គលិករបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

ដោយឡែកថ្ងៃនេះផងដែរ ជាការប្រកួតផ្តាច់ព្រ័ត្រដែលសុទ្ធសឹងតែក្រុមឈ្នះកាលពីកន្លងមក ក្នុងនោះរួមមាន៖ Smart Hunter, Samurai, Black Bull United, និង KPC FC បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត៕