(ក្រចេះ)៖ លោក ហ៊ុនម៉ាណែត មេដឹកនាំយុវជនកម្ពុជា និងជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់ថា យុវជនគឺជាសសរទ្រូងជាតិ ហើយជាកម្លាំងចលករដ៏សំខាន់ក្នុង ការកសាងជាតិ និងមាតុភូមិ។
លោក ហ៊ុន ម៉ាណែត បានបន្តថា ទោះបីនិស្សិតយើងទាំងអស់ ធ្វើការក្នុងស្ថាប័នរដ្ឋ ឬ ក្រុមហ៊ុនសហគ្រាសឯកជន ឬនៅទីណាក៏ដោយ ខ្ញុំសង្ឃឹមថា បងប្អូននឹងមិនគ្រាន់តែធ្វើការដើម្បីតែប្រាក់ខែ ដែលទទួលបានរៀងរាល់ចុងខែ ឬ ផលប្រយោជន៍នានាប៉ុណ្ណោះទេ។ ពុំមាននរណាម្នាក់ឱ្យតំលៃលេីមនុស្សអាត្មានិយម ដែលគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញបត្រដល់សិស្សនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញបត្ររង នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តក្រចេះ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
បន្ថែមពីលើនេះ មេដឹកនាំក្រុមយុវជន លោក ហ៊ុន ម៉ាណែត បានបន្តថា យើងត្រូវរៀបចំខ្លួនឱ្យក្លាយជាមន្រ្តី ឬ បុគ្គលិកដ៏មានតម្លៃ មិនអាចខ្វះបាន អោយមានសារៈសំខាន់នៅ អង្គភាពការងាររបស់ខ្លួន។ បងប្អូនត្រូវប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គល ដែលប្រកបទៅដោយថាមពលរាងកាយរឹងមាំ និងក្លៀវក្លា ខួរក្បាលវៀងវៃ សមត្ថភាពជំនាញ និងវិជ្ជាជីវៈខ្ពង់ខ្ពស់ និងមានបេះដូងល្អបរិសុទ្ធប្រកបដោយឆន្ទៈ និងស្មារតីស្នេហាជាតិមាតុភូមិដើម្បីរួមចំណែកនៅក្នុងការរក្សារសុខសន្តិភាព ដែលយើងកំពុងមាន និងចូលរួមដោះស្រាយសង្គមទាំងឡាយ ដើម្បីការអភិវឌ្ឍយូរអង្វែងតពូជពង្សវង្សត្រកូលរបស់ខ្មែរយើងតរៀងទៅ។
ជាមួយគ្នានោះ លោកក៏បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភី សរុប១.៨០៧នាក់ និងមានសេចក្តីរីកករាយដែលបាន ជួបសំណេះសំណាលផ្ទាល់ជាមួយនិស្សិតយើង ដែលកំពុងសិក្សា ក៏ដូចជានិស្សិតដែលបានទទួលជ័យលាភីទាំងអស់ ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ជាមោទនភាពរបស់ប្រទេសកម្ពុជាទាំងមូល ដែលមួយឆ្នាំៗយើងទទួលបានធនធានមនុស្សជាច្រើន។ សូមចូលរួមអបអរសារទរចំពោះនិស្សិតជ័យលាភីដែលខិតខំប្រឹងប្រែងរៀនសូត្ររហូតដល់បព្ចាប់ការសិក្សារបស់ខ្លួន ក៏ដូចជាការថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅទៅដល់ឪពុកម្តាយទីពីរនោះគឺសាស្រ្តាចារ្យ ។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្អូនៗទាំងអស់ត្រូវតែសងគុណឪពុកម្តាយ ដោយយកចំណេះដឹង របស់ខ្លួនមកឆ្នៃប្រឌិតប្រែក្លាយទៅជាទឹកប្រាក់ក្នុងការជួយសម្រាលជីវភាពរបស់ពួកគាត់។ មិនត្រឹមតែជួយគ្រួសារមួយមុខនោះទេប្អូនៗអាចជួយខ្លួនឯង និងសង្គមជាតិផងដែរ។
លោកក៏បាន ទទូចសុំនិស្សិតទាំងអស់ កុំប្រលែងលេងនឹងការសិក្សា កុំយកសាលាគ្រាន់តែជាត្រីមុខ ជាឈ្មោះថាអ្នករៀន ក្នុងមហាវិទ្យាល័យនេះ មហាវិទ្យាល័យនោះ តែវត្តមានគឺអសកម្ម។ ប្រទេសជាតិរីកចម្រើន មានសក្តានុពលហើយ បច្ចេកវិទ្យាកឰជឿនលឿន internet មានក្នុងដៃគ្រប់ៗគ្នាសូមរៀនយល់ និងស្រៀវជ្រៀវពីវាអោយបានច្រើន ដូចពាក្យដែលចាស់ៗតែងតែនិយាយថា រៀននៅសាលាមិនគ្រប់ រៀនយប់បន្ថែម។ កិច្ចការអភិវឌ្ឍធនធានមនុស្ស និងជាពិសេសក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈគឺជាកិច្ចការមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍនសេដ្ឋកិច្ចនិងសង្គមមួយដែលប្រកបដោយវិបុលភាព និងសុខដុមរមនាទៅថ្ងៃអនាគត។ ប៉ុន្តែរាល់ការអភិវឌ្ឍទាំងឡាយ អាចធ្វើទៅបានគឺសុទ្ធតែត្រូវប្រឈមលើមូលដ្ឋាននៃសន្តិភាពនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ ស្ថិរភាពសង្គមជាតិ ជាកត្តាចាំបាច់ដែលរាជរដ្ឋាលភិបាល តែងតែយកចិត្តទុកដាក់និងមានការចាត់វិធានការជានិច្ច ដើម្បីតែភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលដែលខ្យល់ត្រជាក់នៃរដូវរំហើយចាប់ផ្តើមធ្លាក់មក យើងទាំងអស់គ្នាត្រេកត្រអរស្វាគមន៍នឹងបរិយាកាសដ៏ត្រកាលនេះ។
លោក ហ៊ុន ម៉ាណែត ក៏បានផ្តាំដល់បងប្អូននិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាប្អូនៗនិស្សិតដែលកំពុងសិក្សា សូមបន្ត អភិវឌ្ឍចំណេះដឹង សមត្ថភាព វិជ្ជាជីវៈ ក្រមសីធម៌ និងមនសិការ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឃសេដ្ឋកិច្ចសង្គម រួមចំណែក ក្នុងដំណើរការកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ប្រកបដោយវិបុលភាពទៅថ្ងៃអនាគត៕