(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក បានអញ្ជើញចូលរួមត្រួតពិនិត្យ និងរៀបចំការបញ្ចូលជីវភាពបក្សប្រជាជន ជូនអតីតសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួនជាង៥០០នាក់ នៅឃុំកំពង់ភ្នំ និងឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
លោក ហេង រតនា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចុះប្រកាសសុពលភាព និងទទួលស្គាល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាពេលនេះ គឺដើម្បីធានាបាននូវជីវភាពបក្សបានល្អ ត្រូវរៀបចំឱ្យមានការទទួលស្គាល់ជាសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្សឱ្យបានច្បាស់លាស់។
លោក ហេង រតនា ក៏បានថ្លែងអំណរគុណដល់ អតីតៈសមាជិកនិងសកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះ ដែលបានស្វែងយល់ការពិត និងសម្រេចចិត្តផ្លាស់ប្តូរជីវភាពនយោបាយស្របតាមស្មារតីអំពាវនាវរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល៕