(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវឲ្យ​ពលរដ្ឋ​ក្នុងស្រុកសន្ទុកទាំងអស់រួបរួមសាមគ្គីគ្នាឲ្យបានស្អិតរមួល ចេះចែករំលែកគ្នាទៅវិញទៅមក និងរួមថែរក្សាសមិទ្ធផល ដែល​បានរាជរដ្ឋាភិបាលកម្បុជាបានកសាង​រួចឲ្យបានល្អ។

ការអំពាវនាវបែបនេះ របស់លោកស្រី ខៀវ ស៊ីណា ជា ចាន់តូនេះធ្វើ ឡើងនាឱកាសដែលលោកស្រីចូលរួមប្រកាសជួយកសាងផ្លូវ១ខ្សែជូនដល់ប្រជាពលរដ្ឋភូមិវាំងខាងត្បូង ដែលបានស្នើសុំកន្លងមកនេះ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះជាផ្លូវលំក្រាលគ្រួសក្រហមមានប្រវែង ៣៨៧ម៉ែត្រ តភ្ជាប់ពីផ្លូវភូមិទៅកាន់លំដ្ឋានប្រជាពលរដ្ឋចំនួន ៤៩ខ្នងផ្ទះ ដែលកន្លងមកនេះពួកគាត់ជួបការលំបាកយ៉ាងខ្លាំងក្នុងធ្វើដំណើរពិសេសនៅរដូវវស្សា។

លោកស្រី ខៀវ ស៊ីណា បានថ្លែងថា ផ្លូវជាសេចក្ដីត្រូវដ៏ចាំបាច់បំផុតក្នុងការធ្វើដំណើរជាប្រចាំ ព្រោះបើមិនមាន​ផ្លូវគ្រប់​គ្រាន់​នោះទេប្រជាពលរដ្ឋនិងមានការលំបាកក្នុងធ្វើដំណើររកស៊ីប្រចាំថ្ងៃ។

លោកស្រីក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ បន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បន្តទៀត ដើម្បីប្រទេសជាតិរីកចម្រើន និងមានសុខសន្ដិភាព៕