(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញប្រតិកម្មខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា ចំពោះការប្រៀបធៀបថា ជោគវាសនារបស់សម្តេចនឹងដូចអតីតមេដឹកនាំប្រទេសហ្ស៊ីមបាវ៉េ លោក ម៊ូហ្គាបេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនមែនជាលោក ម៉ូហ្គាបេ នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជាមនុស្ស «ភ្លីភ្លើ» ដែលប្រៀបធៀបសម្តេចទៅនឹងលោក ម៉ូហ្គាបេ។ សម្តេចនាយករដ្ឋមន្ត្រី ដែលដឹកនាំប្រទេសចេញពីភ្លើងសង្គ្រាមរូបបានបញ្ជាក់ថា ប្រសិនបើសម្តេចជាលោក ម៊ូហ្គាបេ គឺសម្តេចត្រូវដឹកនាំប្រទេសរហូតដល់ ៣០ឆ្នាំទៀតឯណោះ។

ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជិត ៥ពាន់នាក់នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានថ្លែងបញ្ជាក់ជាមួយសម្តីធ្ងន់យ៉ាងដូច្នេះ «មានអាមួយនោះ មិនដឹងថាស្អីវា! ថ្ងៃមុនវាប្រកាសថា លោក ហ៊ុន សែន ប្រកាសធ្វើដូចម៉ូហ្គាបេ។ បើ ហ៊ុន សែន ធ្វើដូចម៊ូហ្គាបេ ខ្ញុំត្រូវធ្វើជាង ៣០ឆ្នាំទៀត អាហ្នឹងបានវាត្រូវ ព្រោះ ម៊ូហ្គាបេ អាយុ ៩៥ឆ្នាំ ឥឡូវខ្ញុំទើប ៦៥ឆ្នាំ អ៊ីចឹងត្រូវធ្វើ ៣០ឆ្នាំទៀត។ អានេះភ្លើភ្លើ»

ការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានធ្វើការប្រៀបធៀបថា សម្តេចតេជោ ហ៊ុន សែន នឹងជួបជោគវាសនាដូចលោក ម៊ូហ្គាបេ អតីតប្រធានាធិបតីហ្ស៊ីបបាវេ ដែលទើបនឹងត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង។

សម្តេចតេជោ បានបញ្ជាក់ថា ការធ្វើរដ្ឋប្រហារទម្លាក់លោក ម៊ូហ្គាបេ ដោយសារតែរូបលោកបានរៀបចំផែនការឲ្យភរិយាចុងឡើងស្នងតំណែងរបស់លោក។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការដឹកនាំរបស់សម្តេចរយៈពេលប្រមាណជា ៣០ឆ្នាំមកនេះ មិនមែនដឹកនាំដោយចុងអាវុធនោះទេ តែជាការដឹកនាំក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រីថែមទាំងបញ្ជាក់ទៀតថា ការដឹកនាំដោយចុងអាវុធមិនអាចមានជីវិតយូរអង្វែងនោះឡើយ ដូចជាការរបបខ្មែរក្រហមរបស់ ប៉ុល ពត។

សម្តេចតេជោ ក៏ធ្លាប់បានប្រកាសដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសនេះយ៉ាងតិចពីរអាណត្តិស្មើនឹង ១០ឆ្នាំបន្តទៀត ដើម្បីរក្សាស្ថេរភាព សន្តិភាព និងការអភិវឌ្ឍរបស់ជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងខឹងសម្បាផងដែរ ចំពោះទណ្ឌិត សម រង្ស៊ី ដែលតែងតែយកសម្តេចទៅប្រៀបធៀបជោគវាសនាមេដឹកនាំប្រទេសដទៃដូចជាការប្រៀបធៀបទៅលោក ហ្គាដាហ្វី និងការឌឺដងឲ្យសម្តេចពេលលោកស្រី អង់សាន ស៊ូជី ឈ្នះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាជាដើម៕