(បន្ទាយមានជ័យ)៖ លោក គោស៊ុ សារឿត អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ, លោកអ៊ុង​ អឿន​ ប្រធានក្រុមប្រឹក្សារ​ខេត្ត និង លោកសួន បវរ​ ប្រធាន CPP ខេត្ត​ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយ សមាជិកមូលដ្ឋានគណបក្សប្រជាជនកម្ពុជា និងអតីត​ក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក​ ក្រុង​ របស់អតីតគណបក្សសង្គ្រោះជាតិ​ចំនួន១៣៨រូប​ នៅស្នាក់ការ CPP ខេត្តបន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយពីសភាពការណ៍នយោបាយថ្មីៗ សារនយោបាយសំខាន់ៗ សម្រាប់ពួកគាត់យកទៅផ្សព្វផ្សាយបន្តដល់ពលរដ្ឋ បានយល់យល់ដឹង។

ក្នុងពិធីជួបសំណេះសំណាលនោះ លោក សួន បវរ ​បានលើកឡើងថា សុខសន្តិភាពពេញលេញ ដែលកម្ពុជាមាននាពេលនេះ វាបានធ្វើប្រជាពលរដ្ឋគ្រប់ៗគ្នា រស់នៅដោយសុខសាន្ត និងប្រទេសជាតិមានការរីកចម្រើន។ ចលនាបដិវត្តន៍ពណ៌​ និងចលនាផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ និងទង្វើក្បត់ជាតិរបស់គណបក្សប្រឆាំង (CNRP) ដែលឈានដល់តុលការកាត់ទោសរំលាយចោលនោះ ជាការអនុវត្តដ៏ត្រឹមត្រូវតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។

លោកបានស្នើឲ្យមន្ត្រីមូលដ្ឋានទាំងអស់បន្តខិតខំ ធ្វើការផ្សព្វផ្សាយពន្យល់រឿងទាំងនេះ ឲ្យបានផុសផុលជ្រោតជ្រៀត ដល់ស្រទាប់មហាជន ប្រជាពលរដ្ឋ បានយល់ច្បាស់។ ម្យ៉ាងទៀតក៏រូវធ្វើការផ្សព្វផ្សាយពីការរីកចម្រើន សមិទ្ធផល ស្នាដៃនានាដែលក្រុមការងារ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន សម្រេចបានជូនជាតិ និងប្រជាជននាពេលបច្ចុប្បន្ននេះ។

លោក គោស៊ុ សារឿត បានថ្លែងថា​ ក្រោយពីរំលាយគណបក្សប្រឆាំងយ៉ាងណាក្តី តែយើងទាំងអស់គ្នា ត្រូវខិតខំទ្វេដង ឲ្យសកម្មចុះទៅមូលដ្ឋានដោះស្រាយបញ្ហាសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋ និងខិតខំកសាង អភិវឌ្ឍន៍ មូលដ្ឋានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ ។

ក្នុងនាមជា​អនុប្រធានក្រុមការងារចុះជួយខេត្ត លោកក៏​បានអំពាវនាវ ដល់អស់លោក លោកស្រីដែលមិនទាន់បានមកចូលរួម ជាមួយគណប្សប្រជាជន ប្រញាប់ប្រញាលចូលរួមជាមួយគណប្សប្រជាជន ចូលក្នុងកិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋានបន្តទៀត។

លោក​ អ៊ុយ សុខណៃ​ អតីត​ក្រុមប្រឹក្សាគណបក្សសង្រ្គោះចាតិ ស្រុកស្វាយចេក​តំណាងឲ្យ​ក្រុមប្រឹក្សាស្រុក ឃុំ សកម្មជន CNRP​ ចំនួន១៣៨រូប ​បានអានលិខិត​​ប្តេជ្ញាចិត្ត​ និងស្មោះស្ម័គ្រ​​ រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ​ចាប់ពីពេលវេលាម៉ោង ថ្ងៃនេះ​រហូត​ និងសន្យា​ចូលរួមផ្តល់មាតិ យល់បល់​អភិវឌ្ឍនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ។

លោកក៏បានសម្តែងការមិនពេញចិត្ត ចំពោះ​លោក ​សម រង្សី ​អតីតប្រធានបក្ស និងលោក កឹម សុខា ដែលបាន​​បំបែកបំបាក់សាមគ្គីផ្ទៃក្នុង លាបពណ៌ គ្រប់យុត្តិសាស្ត្រ​​ បម្រើបរទេសផងដែរ។​ ដូច្នេះលោក និងសមាជិកទាំងអស់គ្នា​​មិនចូលរួមបន្ត​សកម្មភាព និងមិនគាំទ្រ ទង្វើ​ក្បត់ជាតិ​មាតុភូមិ​កម្ពុជាឡើយ។

សូមបញ្ជាក់ថា ក្នុងពិធីនោះ លោក គោស៊ុ សារឿត ក៏​បានផ្តល់កាដូរកំដរដៃ​​ដល់ក្រុ​មការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋាន និងអតីត​ក្រុមប្រឹក្សាស្រុក​ ក្រុង​ សកម្មជន​សង្គ្រោះជាតិ​ ប្រមាណជា៥០០រូប​ ក្នុង១រូប ទទួលបានថវិកា ចំនួន១០ម៉ឺនរៀលផងដែរ ៕