(កំពង់ចាម)៖ លោក ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានពន្យល់ដល់ សមាជិក និងប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពងចាមថា ការចាប់ខ្លួនលោក កឹម សុខា និងករណីតុលាការរំលាយគណបក្សសង្រ្គោះជាតិ គឺអនុវត្តទៅតាមច្បាប់របស់កម្ពុជា មិនមែនជាបញ្ហានយោបាយនោះទេ។
លោក ម៉ា ឈឿន បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញធ្វើបច្ចុប្បន្នភាពសមាជិក និងគ្រួសារគណគប្សប្រជាជនកម្ពុជាស្រុកជើងព្រៃ និងពិនិត្យចំពោះលទ្ធផលចុះឈ្មោះបោះឆ្នោតប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧។ ពិធីនេះ ក៏មានការចូលរួមពីសមាជិក សមាជិកា ទាំងចាស់ទាំងថ្មីរបស់គណបក្សប្រជាជនកម្ពុជាំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះ រាប់រយនាក់។
ថ្លែងក្នុងឱកាសនោះ លោក ម៉ា ឈឿន បានផ្សព្វផ្សាយអំពីស្ថានភាពច្បាប់ ដោយលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តសាលដីការបស់តុលាការកំពូល ស្របទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យភាពជាតិ នីតិរដ្ឋរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សានូវដំណើរការលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសលុបឈ្មោះគណបក្សនយោបាយមួយចំនួន តាមច្បាប់ស្តីពីគណបក្សនយោបាយមក នៅមានគណបក្សមិនក្រោម៤០ទៀតទេ ដែលកំពុងដំណើរការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ មានថ្នាក់ដឹកនាំ១១៨នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលហាមឃាត់សកម្មភាពធ្វើនយោបាយរយៈពេល៥ឆ្នាំ ឯអ្នកដទៃនៅតែមានសិទ្ធិសេរីខាងនយោបាយ ជាពិសេសការផ្តល់នូវឱកាសពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាចំពោះអតីតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាជិក សមាជិកា សកម្មជន គណបក្សនេះ ដែលស្មគ្រ័ចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើដល់ប្រជាពលរដ្ឋឱ្យបានល្អនៅតាមមូលដ្ឋាន។
លោក ម៉ា ឈឿន ក៏បានជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ពង្រឹងលើកិច្ចការងារបក្សរបស់ខ្លួន ហើយត្រូវយកចិត្តទុកដាក់បម្រើ ការពារប្រជាជនពលរដ្ឋ។ ជាមួយគ្នានេះ លោកជំរុញឱ្យសមាជិកបក្សប្រជាជន តាមដានឃ្លាំមើលសកម្មភាពរបស់ អតីតសមាជិកគណបក្សសង្រ្គោះជាតិ បើសិនជាមានសកម្មភាពអ្វីមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិភាព ស្ថិរភាពរបស់កម្ពុជា។ លោកចាត់ទុកសកម្មភាពមិនប្រក្រតីណាមួយរបស់ សមាជិកអតីតគណបក្សសង្រ្គោះជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិភាព ស្ថិរភាពរបស់កម្ពុជា គឺជាអំពើក្បត់ជាតិដូចថ្នាក់ដឹកនាំរបស់បក្សនេះដែរ។
បន្ទាប់ពីបានស្តាប់ និងកាន់តែយល់ដឹង សមាជិកបក្សប្រជាជនកម្ពុជានៅស្រុកជើងព្រៃ បានប្រកាសគាំទ្រយ៉ាងខ្លាំងក្លាចំពោះសាលដីការបស់តុលាការកំពូលក្នុងការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ ពួកគាត់លើកឡើងថា បើទប់ស្កាត់មិនបានទេ ពេលនេះកម្ពុជាពិតជារងគ្រោះដោយអំពើក្បត់ជាតិ និងបដិវត្តពណ៌ជាមិនខាន។