(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ មិនដឹងជាប៉ុន្មានដងហើយទេ ដែលក្រុមមេដឹកនាំ និងអ្នកគាំទ្របក្សប្រឆាំងអង្គុយបន់ស្រន់ឱ្យប្រទេសកម្ពុជា មានវាសនាដូចប្រទេសមួយចំនួន ដែលកំពុងតែរងគ្រោះដោយសង្គ្រាមស៊ីវិល ដោយការទម្លាក់គ្រាប់បែក របស់ក្រុមសម្ព័ន្ធមិត្ត និងការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំ ព្រមទាំងការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជាដើម នៅពេលមានមេដឹកនាំប្រទេសណាមួយត្រូវផ្លាស់ប្តូរតំណែង។
ប៉ុន្តែបំណងប្រាថ្នារបស់ពួកគឺត្រូវបានបរាជ័យ ទេវតាប្រស់មិនកើតថែមទាំងជាប់គុក និងរត់គេចខ្លួនចេញសំណាញ់ច្បាប់ទៀតផង។ នេះគឺជាកម្មពៀរដែលពួកគេព្យាយាម បំផ្លាញជាតិនិងប្រជាជន ជាកម្មពៀរដែលពួកគេមិនឱ្យខ្មែរបានសុខ។ ចរិតពិតរបស់ពួកគេ ទោះបីជាឱនក្បាលបម្រើផលប្រយោជន៍បរទេស បំផ្លាញសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខរបស់ពលរដ្ឋខ្មែររាប់លាននាក់ក៏សុខចិត្តធ្វើដែរ ឱ្យតែខ្លួនសម្រេចមហិច្ឆិតាអំណាច ដ៏ឆ្កួតលេលារបស់ក្រុមខ្លួន។ ពួកគេព្យាយាមទាញស្ថានការណ៍ពីប្រទេសផ្សេងៗ ដើម្បីបញ្ឆេះកំហឹង ញុះញង់ប្រជាពលរដ្ឋ បង្កចលាចល និងអស្ថិរភាពនយោបាយ សង្គមដើម្បីរំខានការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ នេះគឺជាជំនាញបំផ្លាញជាតិរបស់ក្រុមបក្សប្រឆាំង។
ពិតជាគួរឱ្យអស់សំណើចដែលអ្នកនយោបាយបក្សប្រឆាំងក្បត់ជាតិ អ្នកខ្លះត្រូវបានដកសិទ្ធិនយោបាយ និងអ្នកខ្លះកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ដូចជាទណ្ឌិត សម រង្ស៊ី ជាដើម បានដេកយល់សប្តិនៅកណ្តាលថ្ងៃត្រង់ ហើយផ្តល់បទសម្ភាសដល់ស្ថាប័នព័ត៌មានបរទេសជាឧបករណ៍បំពងសំឡេងខ្លួនប្រឆាំងរដ្ឋាភិបាលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវទម្លាក់ចេញពីអំណាចដូចប្រធានាធិបតី រ៉ូប៊ែរ ម៉ូហ្គាបេ នៃប្រទេសហ្សាំបាវេដែរ ហើយបានអំពាវនាវឱ្យបស្ចិមប្រទេសរួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវ តែដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា និងមេដឹកនាំនៃបក្សកាន់អំណាច។ ទណ្ឌិតរូបនេះលើកឡើងថា អ្វីដែលកើតឡើងនៅហ្សាំបាវេនឹងផ្តល់នូវមេរៀន និងដកស្រង់បទពិសោធសម្រាប់កម្ពុជា។ នេះមិនមែនជាលើកទី១ឡើយដែល ទណ្ឌិត សម រង្ស៊ី អំពាវនាវដូច្នេះ ព្រោះដោយសារតែការច្រណែននឹងប្រជាប្រិយភាពរបស់លោក ហ៊ុន សែន ឈ្នានីសនឹងបក្សប្រជាជនកម្ពុជាដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋភាគច្រើន ដើម្បីដឹកនាំគ្រប់គ្រងប្រទេស ថែរក្សាការពារសន្តិភាព និងអភិវឌ្ឍបនរទេសជាតិឱ្យរីកចម្រើន។ ពួកគេបានបរាជ័យជាច្រើនលើកច្រើនសា មិនអាចដណ្តើមជ័យជម្នះលើគណបក្សប្រជាជនកម្ពុជាបានតាមរយៈការបោះឆ្នោតបាន ក៏បានប្រើល្បិចទុច្ទរិតឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌ដោយប្រើ្របាស់កម្លាំងមហាជនខុសច្បាប់។ ប៉ុន្តែផែនការនេះ ត្រូវបានបង្ក្រាបនិងកម្ទេចចោលទាន់ពេលវេលា។
រាល់ពេលដែលមានមេដឹកនាំនៃប្រទេសមួយត្រូវបានផ្លាស់ប្តូរ អ្នកនយោបាយអតីតបក្សប្រឆាំងតែងតែ ព្យាយាមទាញមកប្រៀបធៀបនឹងកម្ពុជា និងបន់ស្រន់ឱ្យកម្ពុជាកើតដូច្នោះដែរ។ សម រង្ស៊ី អ្នកពួកអ្នក នយោបាយត្រូវបានដកសិទ្ធិមួយចំនួនព្យាយាមក្នុងការបំផ្ទុះកំហឹងប្រជាជនប្រឆាំងនឹងរដ្ឋាភិបាល និងលង់ ចូលក្នុងឧបាយកលទុច្ចរិតដោយមានការរៀបចំដោយចៅហ្វាយនាយបរទេសរបស់ខ្លួន ដែលមានចេតនាមិនចង់ឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ។
អ្វីដែលក្រុមអ្នកនយោបាយអតីតបក្សប្រឆាំង ចង់ឱ្យមានការផ្លាស់ប្តូរដូចប្រទេសយូហ្គូស្លាវី លីប៊ី ទុយណេស៊ី ឈីលីគឺជាការផ្លាស់ប្តូរតាមបែបបដិវត្តន៍ពណ៌ដែល ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ពួកគេចង់ឱ្យមានការផ្លាស់ប្តូរមេដឹកនាំតាមប្រទេសអ៊ីរ៉ាក់ ស៊ីរី អាហ្វានីស្ថាន គឺពួគេចង់ឱ្យចៅហ្វាយនាយបរទេសរបស់ខ្លួនប្រើប្រាស់កម្លាំងកងទ័ព យន្តហោះទម្លាក់គ្រាប់បែក ដោយបំពានច្បាប់កម្ទេចប្រទេសកម្ពុជាដូចប្រទេសទាំងនោះដែរ។ ពួកគេអះអាងថាកម្ពុជានឹងត្រូវផ្លាស់ប្តូរមេដឹកនាំដូចប្រទេស ហ្សាំបាវេ គឺមានន័យថាពួកគេជាក្រុមបក្សប្រឆាំងចង់ឡើងកាន់អំណាចដោយប្រើមធ្យោបាយរដ្ឋប្រហារទម្លាក់មេដឹកនាំស្របច្បាប់ដែរ។ តើនេះឬជាក្រុមអ្នកស្រឡាញ់ជាតិ គោរពលទ្ធិប្រ ជាធិបតេយ្យ និងសិទ្ធិមនុស្ស?៕