(សៀមរាប)​​៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ចំនួន២រូបទៀតហើយ នៅខេត្តសៀមរាប ​បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងចំណោមអតីតសមាជិក CNRP សរុបចំនួន២នាក់នោះ រួមមាន៖

១៖ លោកស្រី ឡុប ណាក់ ​អតីតបេក្ខជន ឃុំរុនតាឯក ​ស្រុកបន្ទាយស្រី
២៖ លោក ភាន់ ទ្រី ​​អតីតបេក្ខជន ឃុំពង្រលើ ស្រុកជីក្រែងរ

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦​ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕