(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសគាំទ្រទាំងស្រុងនូវ សេចក្តីថ្លែងការណ៍របស់រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដែលប្តេជ្ញាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជា ហើយប្រឆាំងចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីព្រឹទ្ធសភាអាមេរិក និងមជ្ឈដ្ឋានសភាអន្តរជាតិមួយចំនួន។

គណបក្សសញ្ជាតិកម្ពុជា ដែលនឹងមានអាសនៈនៅក្នុងរដ្ឋសភាចំនួន២ នៅសប្តាហ៍ក្រោយនេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ​Fresh News យ៉ាងដូច្នេះថា៖ «គណបក្សសញ្ជាតិកម្ពុជា សូមប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋសភា​ និងព្រឹទ្ធសភាកម្ពុជា និងសូមកុំឱ្យរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាំ»។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ថ្មីៗនេះ ព្រឹទ្ធសភា និងរដ្ឋសភារបស់កម្ពុជា បានចេញសេចក្តីថ្លែអការណ៍រួមគ្នាមួយ បង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងព្រឹទ្ធសភារបស់អាមេរិក និងសាធារណជនមួយចំនួន ដែលកំពុងមានប្រតិកម្មខ្លាំងលើបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ក្រោមការចោទប្រកាន់ថា ប្រព្រឹត្តទង្វើក្បត់ជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា និងចេញផ្សព្វផ្សាយជាសាធារណនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា បានហៅប្រតិកម្ម របស់សភាអាមេរិកថា ជាក្តីបារម្ភលើសពីភាពចាំបាច់ រហូតក្លាយជាទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយដាក់សំណួរចំនួន៥ ដល់ព្រឹទ្ធសភាអាមេរិក ដើម្បីជាគន្លឹះពិចារណា ក្រោយស្ថាប័នសភាជាន់ខ្ពស់របស់ប្រទេសមហាអំណាចអាមេរិក បានប្រព្រឹត្តទង្វើលូកលាន់ចូលផ្ទៃក្នុងកម្ពុជាផងដែរក្នុងនោះរួមមាន៖

ក៖ តើសហរដ្ឋអាមេរិក អនុញ្ញាតឱ្យគណបក្សនយោបាយរបស់ខ្លួន ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្នុងអាណត្តិឬទេ? ហើយអនុញ្ញាត​ឱ្យគណបក្សនយោបាយរបស់ខ្លួន ទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលបរទេស ដើម្បីអនុវត្តសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ពិសេសនៅមុន និងក្រោយការបោះឆ្នោតដែរឬទេ?

ខ៖ តើសហរដ្ឋអាមេរិក អនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាលប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួន ដោយមិនចុះបញ្ជី និងមិនបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែរឬទេ?

គ៖ តើព្រឹទ្ធសភាអាមេរិកដឹង ឬទេថា វិទ្យុ RFA និង VOA នៅតែដំណើរការរបស់ខ្លួន នៅកម្ពុជានៅឡើយ ?

ឃ៖ តើព្រឹទ្ធសភាអាមេរិកបានជ្រាបទេថា រាល់សិទ្ធិសេរីភាពទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់?

ង៖ តើព្រឹទ្ធសភាអាមេរិក បានធ្វើសេចក្តីសម្រេចដូចគ្នានេះ ចំពោះប្រទេសណាផ្សេងនៅក្នុងតំបន់ដែលរដ្ឋាភិបាលទទួលបានអំណាចតាមនីតិវិធីមិនប្រជាធិបតេយ្យឬទេ? បើអត់ មូលហេតុអ្វី?៕