(ភ្នំពេញ)៖ នៅវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្លើងស្តុប ក្បែរវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលគេ ឃើញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោតចេញពីលើឡាន Mercedesមួយគ្រឿង រត់ដេញចាប់បុរសពីរនាក់ កំពុងជិះម៉ូតូ រហូតដួលរបួសកែងដៃ ម្រាមដៃ និងក្បាលជង្គង់ តែចាប់បានម្នាក់ និងម្នាក់ទៀតបើកម៉ូតូ រត់ចោលគ្នាបាត់។ ក្រោយមកគេក៏ឃើញកម្លាំងអាវុធហត្ថ ខណ្ឌទួលគោក ទៅដល់កន្លែងកើតហេតុ នាំខ្លួនបុរស់ម្នាក់ដែលលោក រ័ត្ន ស្រ៊ាង ចាប់បាន យកទៅកាន់ទីបញ្ជាការ កងរាជ អាវុធហត្ថរាជធានីភ្នំពេញ ដោយមិនដឹងថា មានរឿងអ្វីកើតឡើងឡើយ។
រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ទើបអ្នកសារព័ត៌មានយើង ទទួលបានរបាយការណ៍ពីសមត្ថកិច្ចកងរាជ អាវុធហត្ថរាជធានីភ្នំពេញថា បុរសម្នាក់ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់បានដោយផ្ទាល់កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាមុខសញ្ញាចោរឆក់ ដ៏សកម្មក្នុងរាជធានីភ្នំពេញ ដោយសារសមត្ថកិច្ចអាវុធហត្ថកំពុងបន្តនិតិវិធី ស៊ើបអង្កេត ទើបមិនបានបង្ហើបព័ត៌មានស្តីពីមូលហេតុនៃការចាប់ខ្លួនបុរសខាងលើ ឲ្យមហាជនបានដឹងតាំងពីពេលចាប់ដំបូង។
សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ម៉ី ពន្លឺ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាបក្ខពួកក្រុមចោរឆក់មួយក្រុម ដែលមានឈ្មោះ សាល ឈ្មោះ មករា និងឈ្មោះ ធា តែកន្លងមកឈ្មោះសាល និងឈ្មោះ មករា ត្រូវសមត្ថកិច្ចបង្ក្រាបបាន បញ្ជូនទៅតុលាការ ផ្តន្ទាទោស កំពុងជាប់ក្នុងពន្ធនាគារ។ រីឯឈ្មោះ ម៉ី ពន្លឺ និងឈ្មោះ ធា បានគេចរួចពីការតាមចាប់របស់ សមត្ថកិច្ច ក៏បន្តមុខរបរដើរឆក់ជាហូរហែររាប់សិបដងបន្តទៀត ក៏ត្រូវលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់បានឈ្មោះ ម៉ី ពន្លឺ ដោយផ្ទាល់ នៅវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង បន្ទាប់មក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏ចាត់ឲ្យកម្លាំងជំនាញ ស្រាវជ្រាវតាមប្រម៉ាញ់បក្ខពួកក្រុមចោរឆក់នេះជាបន្តបន្ទាប់ទាំងយប់ រហូតដល់ កំណត់មុខសញ្ញាបាន នៅវេលាម៉ោងប្រហែលជិត០២យប់ ថ្ងៃដដែល ហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះ បង្ក្រាបបក្ខពួកចោរទាំងនេះ ទាំងយប់អាធ្រាត តែដោយស្ថានភាពភូមិសាស្ត្រមិនអំណោយផល ធ្វើឲ្យក្រុមចោរឆក់ ទាំងនោះ ដឹងខ្លួនរត់ប្រាស់អាយុ ចោលម៉ូតូ០២គ្រឿងនៅនឹងកន្លែង ។
មន្ត្រីអាវុធហត្ថដដែលបានបញ្ជាក់ថា កន្លងមកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងណែនាំ ដល់កម្លាំងក្រោមឱវាទ ទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវតួនាទីភារកិច្ច របស់ខ្លួនគ្រប់ពេលវេលា ទោះបីមិនឋិតក្នុងម៉ោងការងារក៏ដោយ ពេលទៅណា មកណា ត្រូវ យកចិត្តទុកដាក់ ក្តាប់រាល់សភាពការណ៍និងព័ត៌មាន រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងជួយអន្តរាគមន៍ សង្គ្រោះពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជាពិសេសភ្នែកត្រូវរំពៃ សំគាល់មើលមុខសញ្ញាជនល្មើស នៅគ្រប់ទីកន្លែងដែលខ្លួនឆ្លងកាត់ ។ ជាក់ស្តែង មុខសញ្ញាចោរឆក់ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់បានដោយផ្ទាល់នេះ គឺកើតឡើងនៅក្នុងអំឡុងពេល ក្រៅម៉ោងការងារ ដែលលោកកំពុងធ្វើដំណើរតាមផ្លូវទៅគេហដ្ឋាន បន្ទាប់ពីទទួលទានអាហារ នៅភោជនីយដ្ឋានជាមួយ សាច់ញាតិរួច។
ក្រៅពីករណីចោរឆក់ដ៏សកម្មក្នុងរាជធានីភ្នំពេញមួយនេះ យើងក៏សង្កេតឃើញផងដែរថា កន្លងមកអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងប្រតិបត្តិការពង្រាយកម្លាំងតាមដាន ពួនស្ទាក់ និងប្រដេញតាមបង្ក្រាប ក្រុមចោរ ឆក់ផ្សេងទៀតទាំងយប់ទាំងថ្ងៃ រហូតបង្ក្រាបបានជាច្រើនករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជាច្រើននាក់រួចមកហើយ។ ទន្ទឹមជាមួយគ្នានេះ យើងក៏សង្កេតឃើញសមត្ថកិច្ចបានប្រថុយប្រថានអាយុជីវិត ប្រឈមជាមួយ គ្រោះថ្នាក់ ក្នុងការប្រដេញតាមចាប់ ក្រុមចោរឆក់ទាំងនេះដោយមិនរុញរាផងដែរ។ ជាក់ស្តែងថ្មីៗនេះ សមត្ថកិច្ចអាវុធហត្ថរាជធានី ភ្នំពេញម្នាក់ គឺលោកវរសេនីយ៍ទោ ម៉ាំង សុខលុច នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ ទើបតែជួបគ្រោះថ្នាក់ ដួលម៉ូតូប្រេះឆ្អឹងក្បាលជង្គង់ម្ខាង របួសធ្ងន់ធ្ងរ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស ព្រោះតែប្រដេញតាមបង្ក្រាប ក្រុមចោរឆក់ដ៏សកម្មមួយក្រុម ដែលធ្លាប់ជាប់គុករហូតដល់ទៅ៣ដង ហើយលើកនេះ មេប៉េអឹម រាជធានីភ្នំពេញផ្ទាល់ គឺលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអ្នកជួបគ្រោះថ្នាក់ដួលរបួសដៃជើងម្តង ព្រោះតែប្រដេញតាម ចាប់ក្រុមចោរឆក់ មួយក្រុម ផ្សេងទៀត។