(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ឱកាសរបស់អតីតសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សសង្រ្គោះជាតិ ក្នុងការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាតួនាទី នឹងត្រូវបញ្ចប់នៅម៉ោង៩៖០០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្តេចតជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ថ្ងៃនេះទី២៦ វិច្ឆិកា គឺជាថ្ងៃឱសានវាទ និងជាឱកាសចុងក្រោយ របស់បងប្អូនមកពីអតីត គណបក្ស CNRP ដែលត្រូវបានតុលាការកំពូលបានរំលាយដោយសាលដីការ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ កន្លងទៅនេះ។ គណបក្សប្រជាជនកម្ពុជា រីករាយរង់ចាំស្វាគមន៍បងប្អូនរហូតដល់ម៉ោង ៩:០០យប់នេះ»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តទៀតថា ក៏បានថ្លែងអំណរគុណសមាជិកថ្មីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយ គណបក្សប្រជាជនកន្លងមកនេះ ដើម្បីរួមគ្នាពួតដៃកសាង និងអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
សូមជំរាបថា នៅព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ អភិបាលរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មានដ៏ធំមួយនៅកម្ពុជា Fresh News ឲ្យដឹងថា អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិសរុបជិត២,៣០០នាក់ហើយ ស្មើនឹងប្រមាណជិត៥០% បានចុះចូលជាមួយគណបក្សកាន់អំណាច ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលរបស់កម្ពុជា។
ការចុះចូលរបស់អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានអភិបាលរាជធានី-ខេត្តទូទាំងប្រទេស បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រួមមានតំណាងរាស្ដ្រ, សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មេឃុំ ចៅសង្កាត់, ជំទប់ទី១ ជំទប់ទី២, សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ និងបេក្ខជនបម្រុង សរុបចំនួន ២,២៨៩នាក់។
អភិបាលរាជធានី-ខេត្តទូទាំងប្រទេស បានបញ្ជាក់បន្ថែមទៀតថា ការកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់នៃការចុះចូលនេះ កើតឡើងរយៈពេល២ថ្ងៃចុងក្រោយនេះតែម្ដង។
ខាងក្រោមនេះ ចំនួននៃអតីតមន្ដ្រីរបស់គណបក្សសង្គ្រោះជាតិ តាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គិតត្រឹមព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៖
១៖ ខេត្តបន្ទាយមានជ័យ ចំនួន១៣៨នាក់
២៖ ខេត្តបាត់ដំបង ចំនួន១២៤នាក់
៣៖ ខេត្តកំពង់ចាម ចំនួន១៨០នាក់
៤៖ ខេត្តកំពង់ឆ្នាំង ចំនួន៩៥នាក់
៥៖ ខេត្តកំពង់ស្ពឺ ចំនួន១១៥នាក់
៦៖ ខេត្តកំពង់ធំ ចំនួន១៧៤នាក់
៧៖ ខេត្តកំពត ចំនួន១៤១នាក់
៨៖ ខេត្តកណ្ដាល ចំនួន១៥១នាក់
៩៖ ខេត្តកោះកុង ចំនួន១១៥នាក់
១០៖ ខេត្តក្រចេះ ចំនួន៣៣នាក់
១១៖ ខេត្តមណ្ឌលគិរី ចំនួន១២នាក់
១២៖ រាជធានីភ្នំពេញ ចំនួន១៤៩នាក់
១៣៖ ខេត្តព្រះវិហារ ចំនួន៤៥នាក់
១៤៖ ខេត្តព្រៃវែង ចំនួន១៣៩នាក់
១៥៖ ខេត្តពោធិ៍សាត់ ចំនួន៩៨នាក់
១៦៖ ខេត្តរតនគិរី ចំនួន៥នាក់
១៧៖ ខេត្តសៀមរាប ចំនួន៨៩នាក់
១៨៖ ខេត្តព្រះសីហនុ ចំនួន៥៤នាក់
១៩៖ ខេត្តស្ទឹងត្រែង ចំនួន៣៧នាក់
២០៖ ខេត្តស្វាយរៀង ចំនួន១០៧នាក់
២១៖ ខេត្តតាកែវ ចំនួន១១៦នាក់
២២៖ ខេត្តកែប ចំនួន៥នាក់
២៣៖ ខេត្តប៉ៃលិន ចំនួន៨៤នាក់
២៤៖ ខេត្តឧត្តរមានជ័យ ចំនួន២១នាក់
២៥៖ ខេត្តត្បូងឃ្មុំ ចំនួន៦២នាក់៕