(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបក្រុមគ្រឿងញៀនបាន៦នាក់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ដោយដកហូតបានថ្នាំញៀនមួយចំនួន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន។

ជាលទ្ធផល ត្រូវបានលោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៩កញ្ចប់ ទូរស័ព្ទដៃចំនួន ០៤គ្រឿង ម៉ូតូចំនួន០៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕