(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាប្រដាល់លំដាប់ពិភពលោក Khmer Thai Fight ដែលរៀបចំលើកដំបូង លើទឹកដីកម្ពុជា ក្រោមកិច្ចសហការរៀបចំពីក្រុមហ៊ុន ISUZU នៅវិមានពហុកីឡដ្ឋានជាតិកាលពីយប់មិញ បានបញ្ចប់ដោយជោគជ័យ ស្របពេលកីឡាករម្ចាស់ផ្ទះកម្ពុជា និងកីឡាករថៃ ៨រូប សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួនលើកីឡាករ ៨រូប ដែលឆ្លងដែនមកពី ៦ប្រទេសផ្សេងៗគ្នា។

ការប្រកួតដ៏អស្ចារ្យ ដែលបានធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ខ្ទង់ម៉ឺននាក់នេះ ក៏ទទួលបានការអញ្ជើញចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងតំណាងភាគីថៃ និងថ្នាក់ដឹកនាំវិស័យកីឡាកម្ពុជា និងថៃជាច្រើនទៀត។ ពិសេសគឺវត្តមានកីឡាករជើងខ្លាំងទាំង ១៦រូប ដែលបង្កឲ្យមានការប្រកួតដ៏កក្រើកខាងលើកើតឡើង។

លោក Toshiaki Maekawa អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales ដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍អន្ដរជាតិនេះ បានឲ្យដឹងថា លោករីករាយក្នុងកិច្ចសហការរៀបចំកម្មវិធី Khmer Thai Fight ព្រោះព្រឹត្តិការណ៍មួយនេះ នឹងជំរុញឲ្យវិស័យកីឡាប្រដាល់សាយភាយទៅលើឆាកអន្ដរជាតិ។ ពិសេសគឺការរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃឲ្យកាន់តែល្អប្រសើរផងដែរ។

លោកបន្ដថា Isuzu មិនត្រឹមតែចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាប្រដាល់ធំៗបែបនេះទេ លើសពីនេះ ក្រុមហ៊ុនខ្លួន ក៏មានរៀបចំកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ Isuzu Cup ដើម្បីផ្ដល់ឱកាសឲ្យកីឡាករថៃ ធ្វើការប្រកួតប្រជែង និងដណ្ដើមពានជិត ៣០ឆ្នាំមកហើយ។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍ Khmer Thai Fight នេះ ក៏មានវត្តមានកីឡាករ Saensatharn P.K Saenchai Muaythaigym ដែលជាម្ចាស់ជើងឯក Isuzu Cup Super Fight 2017 ចូលរួមដែរ។

ចំពោះលទ្ធផល សម្រាប់ ៤គូរបស់កីឡាករកម្ពុជា គូទី១ កីឡាករ ណាត សៀកនិន ឬ ពេជ្រ ម្ទេសខ្មាំង ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករប្រេស៊ីល Jonathans Sifva ឲ្យសន្លប់ត្រឹម ១នាទីដំបូង។ បន្ទាប់មកកីឡាករម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា វាយឈ្នះពិន្ទុកីឡាកររុស្ស៊ី Dmltrii Mordvinow កីឡាករ ឡៅ ចិន្ត្រា វាយឈ្នះពិន្ទុកីឡាកររុស្ស៊ី Kazbaek Alisultanov, កីឡាករ ម៉ឺន សុភា យកឈ្នះកីឡាករណតវ៉េ Muhammad Khalll ដោយពិន្ទុ។

រីឯការប្រកួតរបស់កីឡាករថៃ ៤គូដូចគ្នា គឺកីឡាករ Petchrungrean យកឈ្នះកីឡាករតួកគី Gokhan Boran ដោយពិន្ទុ, កីឡាករ Sen Sthan វាយឈ្នះពិន្ទុកីឡាករប្រេស៊ីល Thiago Goulate, កីឡាករ Sen Chhai វាយឈ្នះពិន្ទុកីឡាករអាមេរិក Arthur Sorsor និងកីឡាករ Sudsahorn Klinmee ក៏បានយកឈ្នះកីឡាករអ៊ុយក្រែន Oeksandr Moisa ដោយពិន្ទុដូចគ្នា។

លោក Toshiaki Maekawa បានបន្ថែមថា ខាងលើគឺជាការប្រកួតជម្រុះជុំទី១ សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅទីក្រុងបាងកក នាចុងខែមករា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការដណ្ដើមបានជើងឯកពានរង្វាន់ Thai Fight 2017 ម្នាក់ៗនឹងទទួលបានរង្វាន់រថយន្ដភីកអាប់ “ISUZU D-Dax” អមដោយប្រាក់រង្វាន់ ១២៣លានរៀល ខណៈអ្នកដណ្ដើមបានជើងឯករង ក៏នឹងទទួលបានប្រាក់រង្វាន់ ៣៧០លានរៀលផងដែរ៕